អ្នកនេសាទភ្ញាក់ផ្អើល នៅពេលដែលពួកគេបានឃើញស្ត្រីម្នាក់អណ្តែតនៅកណ្តាលសមុទ្រ ហើយស្ទើរតែ មិនអាចនិយាយបានដោយសារតែភាពត្រជាក់ខ្លាំង ពួកគេស្ទើរតែមិនជឿនៅពេលដឹងថា នាងបានបាត់ខ្លួន អស់រយៈពេលពីរឆ្នាំមកហើយ Angelica Gaitan បានអណ្តែតលើលើផ្ទៃទឹកសមុទ្រចម្ងាយ ២គីឡូម៉ែត្រពីឆ្នេរ។
គ្រួសាររបស់ Angelica Gaitan បានបាត់បង់ទំនាក់ទំនងជាមួយនាង អស់រយៈពេលពីរឆ្នាំមកហើយ ដោយគ្មានតម្រុយអ្វីអំពីទីកន្លែងរបស់នាងឡើយ។ Angelica មានសភាពខ្សោយខ្លាំង ព្រោះដោយសារភាពត្រជាក់ នាងពិបាកក្នុងការនិយាយឆ្លើយឆ្លងជាមួយនឹងអ្នកនេសាទទាំងនោះណាស់។ អ្នកនេសាទម្នាក់ឈ្មោះ Rolando Visbal បានព្យាយាមនិយាយទៅកាន់នាង ដោយប្រើភាសារអេស្បាញ បន្ទាប់មកជាភាសារអង់គ្លេស ដើម្បីឲ្យជនរងគ្រោះ យល់ពីអ្វីដែលគាត់និយាយ។ នៅទីបំផុត Angelica បាននិយាយពាក្យដំបូងរបស់នាង បន្ទាប់ពីត្រូវបានជួយសង្គ្រោះ ដោយនិយាយថា «ខ្ញុំបានកើតជាថ្មី ព្រះមិនចង់ឲ្យខ្ញុំស្លាប់ទេ» ក្រោយមកនាងក៏ត្រូវបានគេនាំមកកាន់ដីគោក ហើយនាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។
Angelica បានប្រាប់វិទ្យុក្នុងស្រុកមួយថា នាងត្រូវបានដៃគូប្រើអំពើហឹង្សា អស់រយៈពេល២០ឆ្នាំមកហើយ ហើយនាងមានការឈឺចាប់ និងចង់សម្លាប់ខ្លួន។ រឿងរ៉ាវរបស់នាងកាលពីពីឆ្នាំមុន និងវិធីដែលនាងអណ្តែតលើផ្ទៃសមុទ្រ កំពុងត្រូវបានប៉ូលីសស៊ើបអង្កេត៕
ប្រភព៖ Mirror





