មេប៉ូលិសខេត្តបន្ទាយមានជ័យ បញ្ជាឱ្យទប់ស្កាត់និងអនុវត្តច្បាប់ ឲ្យបានទាន់ពេលវេលា ចំពោះសកម្មជនណា ដែលធ្វើឲ្យបាត់បង់សន្តិភាព

0

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលទើបនឹងតែងតាំងថ្មី បានជំរុញឱ្យលោកស្នងការរងទទួលផែន ការងារសន្តិសុខ ត្រូវដឹកនាំកម្លាំងការិយាល័យជំនាញនិងលោកអធិការគ្រប់ស្រុក ក្រុង ត្រូវពង្រឹងលើការងារ សន្តិសុខឲ្យបានល្អប្រសើរ ។បើគ្មានសន្តិសុខ សណ្តាប់ធ្នាប់ល្អទេនោះ ក្នុងមូលដ្ឋានក៏គ្មានការអភិវឌ្ឍន៍ និងរីកចម្រើនផងដែរ ព្រោះការងារសន្តិសុខ គឺជាកត្តាចំបងសំខាន់បំផុត ដែល ប្រជាពលរដ្ឋចង់បាន ហើយបើមានសន្តិសុខ មានស្ថេរភាព ការអភិវឌ្ឍសង្គមជាតិនឹងមានការរីកចម្រើន ។ នេះបើយោងតាម អគ្គស្នងការនគរបាលជាតិ។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បញ្ជាក់ថា «ម្យ៉ាងវិញទៀតត្រូវបង្ការទប់ស្កាត់ និងអនុវត្ត វិធានការច្បាប់ឲ្យ ទាន់ពេលវេលា ចំពោះសកម្មជនណា ដែលបានបំពារបំពាន ធ្វើឲ្យបាត់បង់សន្តិសុខ សណ្តាប់ធ្នាប់ និងធ្វើឲ្យ បាត់បង់សន្តិភាពនៅក្នុងខេត្តបន្ទាយមានជ័យយើងនេះ ។ »

ក្នុងកិច្ចប្រជុំប្រចាំនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ បានមានប្រសាសន៍ សង្កត់ធ្ងន់ ទៅលើបញ្ហាគ្រឿងញៀន ដោយដាក់ចេញនូវផែនការ ដល់កម្លាំងនគរបាលជំនាញ ក៏ដូចជាអធិការនគរបាល ស្រុក ក្រុង ត្រូវតែពង្រឹងឡើងវិញ ចំពោះបញ្ហាគ្រឿងញៀន ត្រូវតែមានវិធានការទប់ស្កាត់ និងបង្ក្រាបឲ្យដូចជា ភ្លៀងរលឹម ព្រោះបញ្ហាគ្រឿងញៀននេះ វាជាក្តីកង្វល់របស់ប្រជាពលរដ្ឋ ដូចជាកើតមានអំពើហឹង្សា បង្កជាបទល្មើសព្រហ្មទណ្ឌ ចោរលួច ឆក់ ប្លន់ និងបង្កគ្រោះថ្នាក់ចរាចរណ៍ជាដើម ។

ជាមួយគ្នានេះផងដែរ លោកឧត្តមសេនីយ៍ ស្នងការ ជំរុញដល់នគរបាលប៉ុស្តិ៍ត្រូវ ក្តាប់ឲ្យជាប់ពីមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលមាននៅក្នុងមូលដ្ឋាន របស់ខ្លួនគ្រប់គ្រងដើម្បីធ្វើការប្រៀបសមរភូមិ គ្រឿងញៀន នោះឲ្យភូមិ-ឃុំ-សង្កាត់ ដែលខ្លួនគ្រប់គ្រងជាភូមិ ស ។

ជាការលើកទិសដៅអនុវត្ត ខែក្រោយបន្តនោះដែរ លោកឧត្តមសេនីយ៍ត្រី សិទិ្ធ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ បានដាក់ចេញនូវផែនការ ភារកិច្ចរួម៖

-បន្តជម្រុញអនុវត្ត គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព។បង្កើនការក្តាប់និងប្រមូលព័ត៌មាន ទូទាំងខេត្ត ទាក់ទងនិងសភាពការណ៍ សន្តិសុខជាតិ ជាពិសេសផែនការនិង ឧបាយកល ឧទ្ទាមកម្ម រួមទាំងការបំពុល ព័ត៌មាន តាមរយៈបណ្តាញសង្គម ដោយចាត់វិធានការតាមច្បាប់ឲ្យបានម៉ឺងម៉ាត់ ។

-បង្កើនកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មានជាមួយ ភ្នាក់ងារអនុវត្តច្បាប់ ដើម្បីទប់ស្កាត់អំពើភេរវកម្ម បង្ការ ទប់ស្គាត់និងបង្ក្រាប ប្រកបដោយប្រសិទ្ធភាព នូវឧក្រិដ្ឋកម្មឆ្លងដែន គ្រប់ប្រភេទ ពិសេសយកចិត្តទុកដាក់ សកម្មភាព ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុងគោលដៅបំផ្លិចបំផ្លាញ សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម ។

-កសាងផែនការ គ្រប់គ្រងមុខសញ្ញានៅមូលដ្ឋាន មុខសញ្ញា នៅក្រៅឃុំឬព្យួរទោស និងមុខសញ្ញាដែលត្រូវដោះ លែងចេញពន្ធនាគារ។ ត្រៀមកម្លាំងមធ្យោបាយ ឧបករណ៍ និង សម្ភារៈពន្លត់អគ្គីភ័យ ដើម្បីចេញអន្តរាគមន៍ ពន្លត់អគ្គីភ័យឲ្យទាន់ពេលវេលា និងត្រៀមកម្លាំង ដើម្បីឆ្លើយតបនិងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយប្រការផ្សេងៗ ដែលគាត់តម្រូវឲ្យយើងជួយគាត់ ៕