ភ្នំពេញ៖ កាលពីម្សិលមិញនេះ ក្រុមហ៊ុនទ្វីតធ័រ បានទទួលស្គាល់ថា ភាពចន្លោះប្រហោងរបស់កម្មវិធី ពួកគេសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android អាចឱ្យជនអនាមិកបញ្ចូល កម្មវិធីមេរោគដើម្បីធ្វើការវាយប្រហារ និងលួចយកទិន្នន័យដូចជាសារផ្ញើផ្ទាល់ (Direct Messages) ជាដើម។
យោងតាមនាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា បច្ចុប្បន្នបញ្ហានេះត្រូវបានកែសម្រួល ដោយក្រុមហ៊ុនរួចហើយ និងវាមានការប៉ះពាល់ ដល់ប្រព័ន្ធប្រតិបត្តិការ Android ៨ និង៩ តែប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលល្អនោះ គឺក្រុមហ៊ុនបានបញ្ជាក់ថា មានតែអ្នកប្រើប្រាស់ មួយចំនួនតូចប៉ុណ្ណោះដែលកំពុង ប្រើប្រាស់កម្មវិធីជំនាន់ចាស់ ដែលអាចរងការប៉ះពាល់នេះ។
ដើម្បីការពារទិន្នន័យរបស់លោកអ្នក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យអ្នកប្រើប្រាស់ធ្វើ បច្ចុប្បន្នភាពកម្មវិធីទ្វីតធ័រ ឱ្យបានឆាប់រហ័ស ម្យ៉ាងវិញទៀត លោកអ្នកគួរតែបន្តការធ្វើបច្ចុប្បន្នភាព លើគ្រប់កម្មវិធីទាំងអស់មិនថា តែកម្មវិធីទ្វីតធ័រនោះទេ ហើយសូមបន្តតាមដានផេក របស់នាយកដ្ឋាន ដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងទៅនឹង បទល្មើសបច្ចេកវិទ្យាការឆបោក តាមប្រព័ន្ធអនឡាញក៏ដូចសុវត្ថិភាព ក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា រួមទាំងកម្មវិធីផ្សេងៗដទៃទៀត ៕