ភ្នំពេញ៖ លោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធ តំបន់៦ សហការជាមួយ មន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញប្រតិបត្តិការទាំងកណ្ដាលយប់ បង្រ្កាបរថយន្តលួចនាំចូល គេចពន្ធមកពីប្រទេសវៀតណាមចំនួន ២គ្រឿង តាមច្រករបៀងប៉ុស្តិ៍ អន្តរជាតិត្រពាំងផ្លុង ចូលមកភ្នំពេញ។
ការបង្ក្រាបនេះធ្វើឡើង នៅរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ក្នុងនោះកម្លាំងជំនាញ បានចាប់ឃាត់រថយន្តគ្មានពន្ធ នាំចូលចំនួនពីរគ្រឿង រួមមានរថយន្ត Chevrolet ផលិតឆ្នាំ ២០១៩ និងរថយន្ត Lexus GS 300 នៅចំណុច ភូមិពោធិ៍ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ម្ចាស់រថយន្តគេចពន្ធនេះមានឈ្មោះ ម៉ៅ វណ្ណៈ ហៅសុខគា បានធ្វើសកម្មភាពលួចនាំចូល រថយន្តអត់ពន្ធកន្លងមកជាញឹកញាប់ ដោយប្រើល្បិចបំភាន់ភ្នែក សមត្ថកិច្ច ប្រកបដោយបច្ចេកទេសខ្ពស់ ដោយបានជួលអ្នកបើកបរ យ៉ាងស្ទាត់ជំនាញបើកក្នុងលឿន១៥០ ទៅ១៦០គីឡូម៉ែត្រក្នុង១ម៉ោង ក្នុងស្ថានភាព មេឃកំពុងភ្លៀង និងយប់ងងឹតផង ដោយមិនខ្វល់ពីការ គ្រោះថ្នាក់ចំពោះអ្នកដទៃ។ តែទោះជាយ៉ាងក្តីលើកនេះអស់លក្ខណ៍ មិនអាចគេចផុតពីកណ្ដាប់ដៃ សមត្ថកិច្ចគយចល័តតំបន់៦ឡើយ។
សូមបញ្ជាក់ថា ក្នុងមួយខែក្រុមឈ្មួញនេះ បានលួចនាំចូលរថយន្តមក ពីប្រទេសវៀតណាមបានចំនួន ពី១៧ ទៅជាង២០គ្រឿង ដោយយកស្លាកលេខ នគរបាលជាតិ ទៅបំពាក់គ្រប់រថយន្ត រាល់ពេលធ្វើសកម្មភាពនាំចូល។ បច្ចុប្បន្នរថយន្តត្រូវបានរក្សាទុក នៅទីតាំងគយចល័តពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុទៅតាមនីតិវិធី ៕