ភ្នំពេញ៖ កាលពីខែមុនក្រសួងបច្ចេកវិទ្យាព័ត៌មាន របស់ប្រទេសឥណ្ឌា បានធ្វើការហាមឃាត់កម្ម វិធីទូរសព្ទរបស់ប្រទេសចិន ចំនួន ៥៩ កម្មវិធីរួចមកហើយ ដែលមានដូចជា TikTok WeChat និង UC Browser ជាដើម។ហើយនៅពេលថ្មីៗនេះ រដ្ឋាភិបាលនៃប្រទេសនេះ កំពុងតែធ្វើការត្រួតពិនិត្យ ដើម្បីហាមឃាត់កម្មវិធី ដែលមានដើមកំណើតចិនចំនួន ២៧៥ បន្ថែមទៀត ក្នុងនោះរួមទាំងហ្គេមដ៏ពេញនិយមមួយផងដែរគឺ PlayerUnknown’s BattleGround (PUBG) និងកម្មវិធីតន្រ្តី Resso របស់ ByteDance។នេះបើយោងតាមនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា។
យោងតាមរបាយការណ៍ពី The Economic Times បានឱ្យដឹងថា រដ្ឋាភិបាលប្រទេសឥណ្ឌាបានរៀបចំ តារាងបញ្ជីឈ្មោះកម្មវិធីទាំងនោះ ជាផ្លូវការរួចស្រេចហើយ ដើម្បីធ្វើការហាមឃាត់។ មិនត្រឹមតែកម្មវិធីកំសាន្ត និងហ្គេម ដ៏ពេញនិយមខាងលើ ប៉ុណ្ណោះទេ ថែមទាំងមានកម្មវិធីទិញទំនិញតាមអនឡាញ ដូចជា AliExpress មកពីក្រុមហ៊ុន Alibaba និងកម្មវិធីចែករំលែករូបថត ULike ផងដែរ។
មូលហេតុដែលនាំឱ្យ មានការបិទកម្មវិធីជាលើកដំបូងនោះ គឺក្រោយពីប្រទេសឥណ្ឌាពិនិត្យឃើញពីគុណវិបត្តិជាច្រើនពាក់ព័ន្ធនឹងកម្មវិធីទាំងអស់នេះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពបុគ្គល ក៏ដូចជាសុវត្ថិភាពថ្នាក់ដឹកនាំរងការលួចទាញយកទិន្នន័យជាដើម។
គួររំឭកផងដែរថា កម្មវិធីដែលរដ្ឋាភិបាលប្រទេសឥណ្ឌាបានធ្វើការហាមឃាត់ សុទ្ធសឹងតែជាកម្មវិធីដែលមានប្រជាប្រិយភាពខ្លាំង ដូចជា កម្មវិធី TikTok ដែលមានអ្នកប្រើប្រាស់ប្រមាណជា ២០០លាននាក់ និងកម្មវិធី PUBG ដែលគេប៉ាន់ប្រមាណជា ៥០លាននាក់ ដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសនេះ ព្រមទាំងកម្មវិធីផ្សេងៗជាច្រើនទៀត៕