ភ្នំពេញ៖ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ការការពារឯកជនភាព របស់អ្នកប្រើប្រាស់គឺ មានសារៈសំខាន់បំផុត ក្នុងសម័យបច្ចេកវិទ្យា ដូច្នេះហើយទើបក្រុមហ៊ុនហ្វេសប៊ុក បានដាក់ឱ្យប្រើប្រាស់មុខងារ App Lock សម្រាប់កម្មវិធី Messenger ដើម្បីបង្កើនសុវត្ថិភាពក្នុងការប្រើប្រាស់។
មុខងារថ្មីនេះអាចឱ្យ អ្នកប្រើប្រាស់តម្រូវឱ្យផ្ដល់ Face ID ឬ Touch ID មុននឹងអាចចូលប្រើកម្មវិធី Messenger បាន។
ការបន្ថែមមុខងារថ្មីនេះ វាធ្វើឱ្យអ្នកប្រើប្រាស់មាន អារម្មណ៍សុវត្ថិភាពថា ព័ត៌មានរបស់ពួកគេនឹងមិនត្រូវបាន ចូលមើលនៅពេលដែលអ្នកផ្សេង ប្រើទូរសព្ទរបស់គេនោះ។
ម្យ៉ាងវិញទៀតក្រុមហ៊ុន Facebook ក៏បានកំពុង ធ្វើការសាកល្បងមុខងារ ដើម្បីឱ្យអ្នកប្រើប្រាស់អាចកំណត់ថា តើអ្នកណាអាចផ្ញើសារ ឬតេមកគេដោយផ្ទាល់ ឬពួកគេក៏អាចកំណត់សម្រាប់ អ្នកដែលមិនអាចតេ ឬផ្ញើសារបានទាំងស្រុងផង មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុននឹងធ្វើឱ្យរូបភាព មើលទៅឃើញព្រិលប្រសិន បើរូបភាពនោះត្រូវបានផ្ញើពីអ្នក ដែលអ្នកប្រើប្រាស់មិនស្គាល់។
សូមបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្នមុខងារនេះ ប្រើបានតែនៅលើប្រព័ន្ធប្រតិបត្តិការ iOS តែប៉ុណ្ណោះ តែគួរឱ្យស្ដាយសម្រាប់ ប្រព័ន្ធប្រតិបត្តិការ Android ទាល់តែ ២-៣ខែទៀត ទើបអាចប្រើមុខងារនេះបាន ។ ដើម្បីប្រើប្រាស់មុខងារនេះ លោកអ្នកអាចចូលទៅក្នុង Privacy ដើម្បីបើកមុខងារនេះ ៕