គណបក្សមួយបារម្ភយ៉ាងខ្លាំង​ ទាក់ទងការអភិវឌ្ឍកោះនរា ដែលអាចឈានទៅដល់ លុបទន្លេមេគង្គក្រោម ជិតពាក់កណ្តាល

0

ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានការព្រួយបារម្ភយ៉ាងខ្លាំង ទាក់ទងនឹងការអភិវឌ្ឍកោះនរា ព្រោះបើតាមការសង្កេតមើល ជាក់ស្តែងការអភិវឌ្ឍពង្រីកកោះនរា នឹងឈានទៅលុបទន្លេមេគង្គក្រោម ប្រមាណជិតពាក់កណ្តាល ដើម្បីបម្រើផលប្រយោជន៍ឯកជន ដែលផ្ទុយនឹងច្បាប់ ក៏ដូចជាខុសឆ្ងាយពីផ្ទាំង បិទប្រកាសព័ត៌មាន អំពីការអភិវឌ្ឍកោះនរា។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានឲ្យដឹងតាមគេហទំព័រ ហ្វេសប៊ុកថា “ការនេះអាចនឹងបង្កផលប៉ះពាល់ ធ្ងន់ធ្ងរដល់បរិស្ថាន ជាពិសេស ការរារាំងផ្លូវមច្ឆាជាតិ(ត្រី) បង្កទឹកជំនន់ និងការបាក់ច្រាំងទន្លេនាពេលអនាគត។ #គបម (GDP) សូមទាមទារឲ្យក្រសួងបរិស្ថាន បញ្ជូលក្រុមការងារបច្ចេកទេស ចុះវាយតម្លៃជាបន្ទាន់ និងស្នើសុំសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មេត្តាយកចិត្តទុកដាក់ពិនិត្យ រឿងនេះឲ្យបានដិតដល់ ចៀសវាងបន្សល់ទុកមរតកបំផ្លាញ ទន្លេមេគង្គក្រោមដល់កូនខ្មែរជំនាន់ក្រោយ” ។

សូមបញ្ជាក់ថា កោះនរាកំពុងត្រូវបានធ្វើការ អភិវឌ្ឍជាក្រុងរណបថ្មីភ្ជាប់ ទៅកាន់ស្រុកកៀនស្វាយ ខេត្តកណ្តាលដោយក្រុមហ៊ុន វិនិយោគទុន ក្រៅប្រទេស (OCIC) របស់លោកឧកញ៉ា ពុង ឃាវសែ។ តាមគម្រោង ក្រុមហ៊ុន វិនិយោគទុន ក្រៅប្រទេស(OCIC)នឹងសាងសង់ស្ពានបេតុង ខ្សែកាបថ្មីតម្លៃ ៥០លានដុល្លារអាមេរិក ដើម្បីសម្រួលដល់ ការធ្វើដំណើរពីតំបន់ កោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍកោះនរា ៕