ចាប់ពីពេលនេះ Google Photos នឹងលែងធ្វើការ Backup រូបភាពពីការផ្ញើសារ និងបណ្ដាញសង្គមដោយស្វ័យប្រវត្តិទៀតហើយ

0

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា បានឲ្យដឹងថាលោកអ្នកប្រហែល ជាដឹងហើយថា រាល់រូបភាពដែលលោកអ្នក បានថតតាមរយៈទូរស័ព្ទ ឬផ្ញើតាមកម្មវិធីផ្ញើសារផ្សេងៗ ក៏ដូចជាកម្មវិធីបណ្ដាញសង្គមផងដែរ វាត្រូវបានរក្សាទុក នៅក្នុង Cloud របស់ Google ប៉ុន្តែមានលោកអ្នកខ្លះក៏មិនបានដឹងពីរឿងនេះដែរ។ សារប្រយោជន៍នៃការរក្សាទុក រូបថតនៅលើ Cloud ដោយស្វ័យប្រវត្តិ គឺវាធ្វើឱ្យមានភាពងាយស្រួល ក្នុងការទាញយកមកវិញ ផ្ទុយទៅវិញវាក៏មានផលពិបាក ជាមួយគ្នាផងដែរ ពេលដែលយើងរក្សាទុក ច្រើនពេក។

ថ្មីៗនេះ ក្រុមហ៊ុន Google បានធ្វើការកែសម្រួលនៅលើកម្មវិធី Google Photos ដោយបិទការ Backup រូបភាពដោយស្វ័យប្រវត្តិ ដែលមាននៅក្នុងប្រអប់ (Folder) របស់កម្មវិធីផ្ញើសារ និងកម្មវិធីបណ្ដាញសង្គមផ្សេងៗមួយចំនួនទៀត ហើយជាមួយគ្នានេះដែរក៏បានបង្កើតប៊ូតុងបិទសំឡេងមួយសម្រាប់វីដេអូទៀតផង។ មូលហេតុដែលធ្វើឱ្យក្រុមហ៊ុន Google សម្រេចធ្វើបែបនេះក៏ដោយសារតែមានការចែករំលែករូបភាព និងវីដេអីជាច្រើនលើសលប់ក្នុងអំឡុងពេលនៃការរាតត្បាតរបស់ជំងឺ កូវីត-១៩។ ការកែសម្រួលនេះមានផលប៉ះពាល់ដល់កម្មវិធីមួយចំនួនដូចជា: Facebook, Helo, Instagram, LINE, Messages, Messenger, Snapchat, Twitter, Viber និង WhatsApp។

ទោះបីជាការ Backup រូបភាពនៅក្នុង Cloud វាធ្វើឱ្យមានភាពងាយស្រួលក្នុងការរក្សាទុក និងទាញយកមកវិញក៏ពិតមែន ក៏ប៉ុន្តែ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការណែនាំលោកអ្នក បើសិនជាគិតថារូបថត វីដេអូ ឬឯកសារណាជារឿងសម្ងាត់ដែលមានសារសំខាន់ និងមិនចង់ឱ្យអ្នកដទៃឃើញទេនោះ សូមកុំធ្វើការ Backup ទៅក្នុង Cloud អី។

ប្រសិនបើលោកអ្នកចង់បើក ឬបិទមុខងារនេះ ខាងក្រោមគឺជារបៀបដើម្បីធ្វើការបើកបិទ៖
1. បើកកម្មវិធី Google Photos
2. វាយឈ្មោះ និងលេខសម្ងាត់ដើម្បីចូលក្នុងគណនី
3. នៅខាងលើ ផ្នែកខាងស្ដាំ ចុចលើរូប ឬអក្សរ របស់ប្រូហ្វាល
4. ចុចលើរូបសញ្ញា Settings ហើយចុចលើពាក្យ “Back up & sync”
5. ត្រង់ “Back up & sync” ចុចយក បើក ឬបិទ៕