ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនសាធារណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជ្រាបថា កាលពីយប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ យើងពិនិត្យឃើញមានការចែករំលែកបន្តគ្នា ក្នុងបណ្ដាញទំនាក់ទំនងសង្គមពាក់ព័ន្ធ និងករណីបង្ក្រាបគ្រឿងញៀន នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងពិនិត្យឃើញមានការបកស្រាយមួយចំនួន ដែលធ្វើឲ្យមហាជនមានការយល់ច្រឡំ មកលើការអនុវត្តច្បាប់របស់សមត្ថកិច្ច ។
ដើម្បីចៀសវាងការយល់ច្រឡំ យើងខ្ញុំសូមធ្វើការបញ្ជាក់ជូនដូចខាងក្រោម÷
១-កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលា ម៉ោង ១៧:៣០នាទី នគរបាលមូលដ្ឋានបានចេញល្បាត និងពួនស្ទាក់តាមគោលដៅធ្លាប់ធ្វើសកម្មភាពជួញដូរគ្រឿងញៀន ក៏បានឃើញជនសង្ស័យឈ្មោះ វ៉េ ឡុងរាជ ហៅ ខ្នាក់ ជិះម៉ូតូម៉ាក Suzuki Smash-V ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១GZ-៨៦១៧ បានឈប់ម៉ូតូទទួលយកគ្រឿងញៀនពីជនសង្ស័យម្នាក់ទៀតមិនស្គាល់ឈ្មោះ រួចជនសង្ស័យម្នាក់គេចចូលដីឡូត៍ក្បែរនោះបាត់ទៅ ចំណែកឯជនសង្ស័យឈ្មោះ វ៉េ ឡុងរាជ បានជិះម៉ូតូចេញដេីម្បីគេចខ្លួនពីសមត្ថកិច្ច។
២-ឈ្មោះ វ៉េ ឡូងរាជ្យ ហៅ ខ្នាក់ គឺជាមុខសញ្ញាចាស់ជួញដូរគ្រឿងញៀននៅទីតាំងខាងលើដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពុងស៊ើបអង្កេតតាមរកចាប់ខ្លួន រួមជាមួយនិងបក្ខពួកមួយចំនួនទៀត
៣-អំឡុងពេលប្រតិបត្តិការឃាត់ខ្លួនសមត្ថកិច្ចពិនិត្យឃើញជនសង្ស័យស្ថិតក្នុងស្ថានភាពញៀនគ្រឿងញៀនខ្លាំង និងស្រវឹងស្រាជោគជាំ និងមានចេតនាប្រើដំបងប្រព្រឹត្តអំពើហិង្សាលើមន្ត្រីអនុវត្តច្បាប់ ទើបសមត្ថកិច្ចឈានដល់ការប្រើសិទ្ធិការពារខ្លួនឈានការចាប់ខ្លួនជនសង្ស័យ វាយខ្នោះ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងនីតិវិធីច្បាប់។
៤-យើងខ្ញុំទទួលស្គាល់ថាសកម្មភាពប្រតិបត្តិការរបស់មន្ត្រីអនុវត្តច្បាប់ បានប្រើប្រាស់សិទ្ធិហួសព្រំដែននៃវិជ្ជាជីវៈយើងខ្ញុំនឹងធ្វើការអប់រំណែនាំ និងពិនិត្យដាក់វិន័យតាមបែបកងកម្លាំងនគរបាលជាតិ។
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះកិច្ចសហការល្អរបស់សាធារណៈជន និងពិសេសបណ្ដាញទំនាក់ទំនងសង្គមដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងរិះគន់ក្នុងន័យស្ថាបនា យើងខ្ញុំសូមអំពាវនាវ ដល់សាធារណ:ជន និងបណ្ដាញសង្គមចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲ្យភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ជាធរមាន ៕