ឥណ្ឌាប្រកាសឈប់ ឲ្យប្រើ TikTok និង WeChat ព្រមទាំងកម្មវិធី ជាង៥០ផ្សេងទៀត

0

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថាក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសឥណ្ឌា បានលេចមុខ ជាអ្នកច្នៃប្រឌិត ឈានមុខគេ នៅពេលនិយាយដល់ការជឿនលឿន ផ្នែកបច្ចេកវិទ្យា និងជាទីផ្សារចម្បង នៅក្នុងលំហឌីជីថល។ ថ្មីៗនេះ ក្រសួងបច្ចេកវិទ្យាព័ត៌មាន របស់ប្រទេសឥណ្ឌា បានធ្វើការហាមឃាត់ ឈប់ឱ្យប្រើប្រាស់ កម្មវិធីទូរសព្ទចំនួន ៥៩កម្មវិធី ដែលមាននៅលើប្រព័ន្ធ ប្រតិបត្តិការ Android និងប្រព័ន្ធប្រតិបត្តិការ iOS ក្រោយពីពិនិត្យឃើញ ពីគុណវិបត្តិជាច្រើន ពាក់ព័ននឹងកម្មវិធី ទាំងអស់នេះ ដែលភាគច្រើនត្រូវបាន ដាក់ឱ្យប្រើប្រាស់ សម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្ម និងដើម្បីបម្រើផលប្រយោជន៍ ឱ្យក្រុមហ៊ុនពួកគេតែប៉ុណ្ណោះ ម្យ៉ាងវិញទៀត កម្មវិធីនេះអាចធ្វើឱ្យប៉ះពាល់ ដល់សិទ្ធិបុគ្គល ក៏ដូចជាសិទ្ធិថ្នាក់ដឹកនាំ ក្នុងការលួចទាញយកទិន្នន័យទៀតផង។

សូមបញ្ជាក់ផងដែរថា នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា ក៏ទើបតែបានផ្សព្វផ្សាយ កាលពីសប្ដាហ៍កន្លងទៅដែរ ទាក់ទងនឹងកម្មវិធី Tiktok ដែលបានទាញយកទិន្នន័យ ឯកជនភាពពី Clipboards របស់អ្នកប្រើប្រាស់ ដោយគ្មានការ អនុញ្ញាតពីពួកគេ។ ការទាញយកទិន្នន័យនេះ គឺជាការរំលោភសិទ្ធិ បុគ្គលយ៉ាងធ្ងន់ធ្ងរផងដែរ ព្រោះទិន្នន័យដែលពួកគេ ទាញយកនោះអាចជា លេខសម្ងាត់ ឬលេខគណនីដែលនាំឱ្យ មានការជ្រៀតចូលផ្សេងៗទៀត ដោយពុំមានការអនុញ្ញាត។

ដើម្បីជៀសវាងការលួចទាញ យកទិន្នន័យពីកម្មវិធីណាមួយនោះ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា សូមឱ្យលោកអ្នកទាញ យកតែកម្មវិធី ណាដែលលោកអ្នកត្រូវការ ហើយលុបកម្មវិធីនោះ ចោលវិញ នៅពេលដែលលោកអ្នក ឈប់ប្រើប្រាស់ ព្រោះកម្មវិធីខ្លះក៏នៅតែ មានដំណើការ បើទោះបីជាលោកអ្នក ពុំប្រើវាក៏ដោយ៕