នាយករដ្ឋមន្ត្រី នឹងចាត់វិធានការក្តៅ បើរកឃើញមានករណី មិនប្រក្រតី ក្នុងការផ្តល់សាច់ប្រាក់ ជូនពលរដ្ឋក្រីក្រ

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារព្រមានចាត់វិធានការក្ដៅ ប្រសិនបើរកឃើញថា នៅក្នុងភូមិ និងឃុំ/សង្កាត់មួយ ណាមានករណីមិនប្រក្រតី ក្នុងការផ្តល់សាច់ប្រាក់ ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គហ្វេសប៊ុក នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា កាលពីពេលថ្មីៗកន្លងមកនេះ សម្ដេចបានប្រកាសដាក់អោយប្រើជាផ្លូវការនូវ “កម្មវិធីផ្តល់សាច់ប្រាក់ ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារ ផលប៉ះពាល់នៃជំងឺកូវីដ-១៩” ។

សម្ដេចបញ្ជាក់ថា ដើម្បីធានាថាបងប្អូន ប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបបញ្ហា លំបាកពិតប្រាកដទទួលបាន នូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់ ។

សម្ដេចបន្តថា ការងារនេះគឺត្រូវពឹងផ្អែកស្ទើរ តែទាំងស្រុងលើ អាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សា ឃុំ/សង្កាត់ ដែលត្រូវតែធ្វើអោយ បានច្បាសលាស់ និងហ្មត់ចត់បំផុត ។ ដូច្នេះដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាព ក្នុងការផ្តល់សេវា សម្រាប់កម្មវិធីឧបត្ថម្ភសាច់ ប្រាក់នេះ សម្ដេចក៏បានចេញបទបញ្ជា យ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់ នៅតាមឃុំសង្កាត់ទាំងអស់ គឺត្រូវផ្តោតការយកចិត្តទុកដាក់ បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត គឺត្រូវចៀសវាងដាច់ខាត នូវការឃុំឃិតគ្នា ដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយ ខ្លួនឯង ដែលមិនមែនជាគ្រួសារក្រីក្រ នឹងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។

សម្ដេចសង្កត់ធ្ងន់ថា «ខ្ញុំនឹងចាត់វិធានការណ៍ក្តៅ ហើយនឹងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថា នៅក្នុងភូមិ និងឃុំ/សង្កាត់មួយ ណាមានករណីមិនប្រក្រតីនេះកើតមានឡើង»។

សូមរំលឹកថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ជាវិធានការជំនួយសង្គមរបស់រាជរដ្ឋាភិបាល សំដៅជួយសម្រួលជីវភាពប្រចាំថ្ងៃ នៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ ទូទាំងប្រទេស ដែលក្នុងនោះគឺផ្តោតការយកចិត្តទុកដាក់ បន្ថែមចំពោះកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកមានផ្ទុកមេរោគអេដស៍ នៅក្នុងគ្រួសារក្រីក្រទាំងនោះ។ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការ ជាច្រើនក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់បញ្ហាប្រឈម នៅពេលដែលប្រទេសយើង កើតមានជំងឺកូវីដ១៩ ។ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរជាប់ជានិច្ចពីសុខទុក្ខរបស់ពលរដ្ឋ បើទោះបីប្រទេសយើងជាប្រទេសក្រីក្រមួយក៏ដោយ គឺយើងនៅមានលទ្ធភាពគ្រប់គ្រាន់អាចធ្វើបានដើម្បីជួយបងប្អូនប្រជាពលរដ្ឋយើងមិនអោយអត់អាហារទទួលទានឡើយ។

បច្ចុប្បន្ន គ្រួសារដែលមានប័ណ្ណសមធម៌ (ទាំងក្រ-១ និងក្រ-២) មានប្រមាណជាង ៥៦ ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណជាង ១០០ ប៊ីលានរៀល (ឬប្រមាណ ២៥ លានដុល្លារ) ក្នុងមួយខែៗសម្រាប់បើកផ្តល់ជូន ។ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាន បន្តអនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធីសាស្រ្ត និងគោលការណ៍ ដែលត្រូវបានដាក់ចេញមក ដើម្បីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងគោលដៅធានាឱ្យពួកគាត់ទទួលបានស្របតាមលក្ខខណ្ឌវិនិច្ឆ័យជាធរមាននូវជំនួយសង្គមនាពេលនេះ៕