ភ្នំពេញ៖ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ដោយមានការសហការ រវាងក្រុមហ៊ុន Apple ជាមួយសម្ព័ន្ធភាព បញ្ជាក់អត្តសញ្ញាណ តាមអុីនធ័រណេត (FIDO) ក្នុងការផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវ ដោយមិនចាំបាច់ ប្រើលេខកូដ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Apple បានប្រកាសពីការប្រើប្រាស់ ទាក់ទងទៅនឹងការផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវដោយគ្មានលេខកូដនេះ នៅលើកម្មវិធី Safari 14 នៅក្នុងសន្និសីទអ្នកអភិវឌ្ឍន៍ WWDC កាលពីពេលថ្មីៗនេះ។
ជាមួយនឹងមុខងារថ្មីនេះ ក្រុមហ៊ុន Apple នឹងអនុញ្ញាតឱ្យលោកអ្នកចូល ទៅក្នុងកម្មវិធីផ្សេងៗ ដោយប្រើ Face ID ឬ Touch ID នៅក្នុងកម្មវិធី Safari Browser ដែលមាននៅលើប្រព័ន្ធប្រតិបត្តិការ iOS 14 និង macOS 11.0 នៅចុងឆ្នាំនេះ។ ការប្រើប្រាស់មុខងារនេះ គឺវាដូចគ្នានឹងការប្រើ Face ID ឬ Touch ID ដែលលោកអ្នកកំពុងប្រើ ដើម្បីបើកសោទូរសព្ទ ដោយមិនចាំបាច់ប្រើឈ្មោះ និងលេខសម្ងាត់ ដែលមានភាពសាំញ៉ាំ ច្រើននោះ។ បើតាមការបង្ហាញរបស់ក្រុមហ៊ុន Apple ក្រុមអ្នកបច្ចេកវិទ្យាគិតថា ដោយសារ Apple បានប្រើស្តង់ដារ multi-factor ដើម្បីផ្ទៀងផ្ទាត់ដោយប្រើ ទូរសព្ទជាសម្គាល់ និងទិន្នន័យ Face ID ឬ Touch ID នោះ វិធីសាស្ត្រនៃការផ្ទៀងផ្ទាត់នេះ នឹងជួយកាត់បន្ថយ ការវាយប្រហារ Phishing ឱ្យកាន់តែទាបផងដែរ។
សូមរំឭកផងដែរថា កាលពីឆ្នាំមុនក្រុមហ៊ុន Google បានចាប់ផ្តើមប្រើមុខងារនេះនៅលើ Chrome Browser សម្រាប់ប្រព័ន្ធដំណើរការ Android ដើម្បីធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមរយៈ Biometric ដោយប្រើ បច្ចេកវិទ្យា FIDO2 ដូចគ្នានឹង ក្រុមហ៊ុន Microsoft ដែលបានប្រើបច្ចេកវិទ្យានេះ សម្រាប់ Windows Hello របស់គេផងដែរ ៕