ភ្នំពេញ៖ ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ជិត៩០នាក់ ត្រូវបានអាជ្ញាធរថៃ បញ្ជួនត្រឡប់មកកម្ពុជាវិញ តាមច្រកចំនួនពីរ (ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែតនិងច្រកទ្វារព្រំដែនអន្តរជាតិដូង) កាលពីថ្ងៃទី២៦-២៧ ខែមិថុនា ឆ្នាំ២០២០។
យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត មានពលករខ្មែរឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមក មានចំនួន ៦៧នាក់ ស្រី ២៤នាក់ និងកុមារ ០២នាក់។
ក្នុងចំណោមពលករទាំង ៦៧នាក់ខាងលើ មាន ២៨នាក់ ស្រី ១៩នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនមកពីខេត្ត ប៉ាត់តានី ភាគខាងត្បូង នៃប្រទេសថៃ និងត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការអប់រំណែនាំអំពីច្បាប់ឆ្លងកាត់ព្រំដែន និងរបៀប នៃការទប់ស្កាត់ការពារជម្ងឺឆ្លង covid-19 បន្ទាប់មកប្រគល់ជូនក្រុមចត្តាឡីស័ក យកទៅសម្រាកនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ជាបណ្ដោះអាសន្ន ដើម្បីពិនិត្យ និងតាមដានសុខភាពពួកគាត់បន្ត ។
ដោយឡែក ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ខាងភាគីថៃនៅតែបន្តបិទទ្វារ មិនអនុញ្ញាតឲ្យអ្នកដំណើរជាតិ អន្តរជាតិ ចេញ-ចូលបាននោះទេ ចំណែកមធ្យោបាយដឹកទំនិញគឺចេញ-ចូលធម្មតា ក្នុងនោះប្រជាពលរដ្ឋខ្មែរ បានធ្វើដំណើរតាមច្រករបៀងស្លាបឆ្វេង-ស្លាបស្តាំចំនួន ២២នាក់ ស្រី ០៩នាក់ និងកុមារ ០១នាក់។
ចំពោះប្រជាពលរដ្ឋខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការណែនាំអប់រំ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដឹកពួកគាត់ទៅឲ្យមន្ត្រីចត្តាឡីស័ក ត្រួតពិនិត្យសុខភាពវាស់កំដៅ រួចបានអនុញ្ញាតឲ្យពួកគាត់ ទៅលំនៅដ្ឋានរៀងៗខ្លួន៕