ភ្នំពេញ៖ យើងដឹងស្រាប់ហើយថា ភាពជាឯកជន ពិតជាមានសារៈសំខាន់សម្រាប់មនុស្សម្នាក់ៗក្នុងការរស់នៅ ដើម្បីការពារសិទ្ធិផ្ទាល់ខ្លួន របស់ពួកគេ ហើយនាពេលបច្ចុប្បន្ននេះ ក៏មានក្រុមហ៊ុនបច្ចេកវិទ្យា ជាច្រើន ដែលត្រូវបានរងការចោទប្រកាន់ ពីការលួចយកព័ត៌មាន ឯកជនភាព របស់អ្នកប្រើប្រាស់ ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ដូចជាយកទៅធ្វើការផ្សព្វផ្សាយ ពាណិជ្ជកម្ម ឬក៏លក់ព័ត៌មានទាំងនោះ ទៅឱ្យក្រុមហ៊ុនផ្សេងទៀត។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ស្របពេលជាមួយគ្នានេះដែរ ប្រព័ន្ធប្រតិបត្តិការ iOS 14 ដែលទើបតែដាក់ឱ្យអ្នក អភិវឌ្ឍន៍កម្មវិធីប្រើប្រាស់ សាកល្បងហើយមិនទាន់បាន ចេញជាផ្លូវការនៅឡើយផងនោះ ក៏បានរកឃើញថា មានក្រុមហ៊ុនមួយចំនួន បានទាញយកទិន្នន័យ ឯកជនភាពពី Clipboards របស់អ្នកប្រើប្រាស់ដោយគ្មាន ការអនុញ្ញាតពីពួកគេ។ ការរកឃើញនេះក៏ដោយសារ ការបន្ថែមមុខងារសុវត្ថិភាពថ្មី របស់ iOS 14 សម្រាប់តាមដានកម្មវិធីណា ដែលទាញយកទិន្នន័យពី Clipboards ហើយធ្វើការជូនដំណឹង រាល់ពេលដែលវាកើតឡើង ដល់អ្នកប្រើប្រាស់ដើម្បី ឱ្យមានការប្រុងប្រយ័ត្ន។ សូមបញ្ជាក់ផងដែរថា Clipboards គឺជាកន្លែងដែលកុំព្យូទ័រ រក្សាទុកទិន្នន័យជាបណ្ដោះអាសន្ន មុនពេលត្រូវបានយកទៅ ចម្លងឱ្យទីតាំងផ្សេងៗទៀត។
កន្លងទៅក្រុមហ៊ុនធំៗមួយចំនួន បានធ្វើការទាញយកទិន្នន័យឯកជនភាព របស់អ្នកប្រើប្រាស់តាមរយៈវិធីនេះ ប៉ុន្តែគេរកឃើញថាក្រុមហ៊ុន TikTok ដែលជាក្រុមហ៊ុនចែករំលែកវីដេអូខ្លីៗ កំពុងតែពេញនិយម និងទទួលបានភាពល្បីល្បាញ ខ្លាំងក្នុងបណ្ដាញសង្គមឮ បានទាញយក ទិន្នន័យយ៉ាងសម្បើម ពីអ្នកប្រើប្រាស់របស់ខ្លួន បើប្រៀបធៀបទៅនឹងក្រុមហ៊ុនដទៃទៀត ដែលមានហ៊្គេម និងកម្មវិធីដ៏ពេញនិយមមួយចំនួន ដូចជា Bejeweled, Fruit Ninja, Plants vs Zombies Heroes និង Viber ជាដើម។
កាលពីពេលថ្មីៗនេះលោក Jeremy Burge ជាប្រធានផ្នែក នៅឯ Emojipedia បានបង្ហាញថាកម្មវិធី TikTok បានទាញយកទិន្នន័យពី Clipboards រាល់ពេលដែលលោកអ្នកបានថតចម្លង (copy) អ្វីមួយ សូម្បីតែពេលអ្នកកំពុងប្រើកម្មវិធីផ្សេងទៀតដូចជា Instagram ក៏ដោយ។ ក្រុមហ៊ុន TikTok បានធ្វើការកែសម្រួលបញ្ហានេះជាមួយប្រព័ន្ធប្រតិបត្តិការ iOS ក៏ប៉ុន្តែគេនៅមិនទាន់ដឹងថាតើក្រុមហ៊ុននេះនឹងមានការកែសម្រួលសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android នៅឡើយទេ ព្រោះថាប្រព័ន្ធប្រតិបត្តិការ Android មិនមានការតាមដានពីបញ្ហានេះដូចប្រព័ន្ធប្រតិបត្តិការ iOS ទេ៕