ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានធ្វើការដេញបង្ក្រាបក្រុមក្មេងស្ទាវ ដែលព្យាយាមជិះម៉ូតូរត់ ប្រដាប់ដោយដាវ ក្នុងដៃ(ដាវសាំម៉ូ រ៉ៃ)គេចពីការត្រួតពិនិត្យ រឹតបង្តឹងអនុវត្តច្បាប់ចរាចណ៍និងធ្វើការ ឃាត់ខ្លួនបាន២នាក់ ក្នុងចំណោម៣នាក់។ នេះបើយោងតាមស្នងការ រាជធានីភ្នំពេញ។

យោងតាមការរាយការណ៍ របស់មន្ត្រីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២0និង០០នាទី សមត្ថកិច្ចចម្រុះ បានដាក់គោលដៅត្រួតពិនិត្យ និងរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចមុខប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ផ្លូវជាតិ លេខ២ លុះមួយសន្ទុះក្រោយមកស្រាប់តែមាន យុវជន៣នាក់ ជិះម៉ូតូឌុបគ្នា មកដល់គោលដៅ សមត្ថកិច្ចត្រួតពិនិត្យក៏បាន រត់គេចពីគោលដៅ។ភ្លាមៗនោះដោយមាន ការសង្ស័យ សមត្ថកិច្ចអន្តរាគមន៍ពិសេស ខណ្ឌមានជ័យក៏បានធ្វើការប្រដេញតាមពីក្រោយ ហើយក៏ត្រូវក្រុមយុវជន ទាំងនោះ ដកដាវសាម៉ូរៃបម្រុងកាប់ ទៅលើសមត្ថកិច្ច វិញថែមទៀត។

លុះប្រដេញតាមដល់ម្ដុំព្រែកឯង ខណ្ឌច្បារអំពៅ ដោយភ័យស្លន់ស្លោពេក ក្រុមយុវជននោះ ក៏បានជិះ ទៅបុកតូបលក់បង្អែម នៅតាមផ្លូវហើយត្រូវប្រជាពលរដ្ឋជួយចាប់បាន និងស្វាគមន៍ម្នាក់មួយដៃ ម្នាក់មួយជើង រួចប្រគល់អោយសមត្ថកិច្ច ចាប់បាន២នាក់ ចំណែកឯយុវជនម្នាក់ដែល កាន់ដាវបានរត់ចូលព្រៃ គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយុវជន២នាក់ ដែលជាអ្នកបើក ម៉ូតូនិងអ្នករួមដំណើរ ទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីសាកសួរនិងបានបញ្ជូនទៅ មន្ទីពេទ្យដោយ ជនសង្ស័យម្នាក់ ក្នុងចំណោមពីរនាក់ត្រូវរងរបួសធ្ងន់៕