ភ្នំពេញ៖នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថាការបង្ហោះ ឬចែកចាយ ព័ត៌មានក្លែងក្លាយគឺជាបញ្ហាដ៏ធំមួយដែលប្រទេសជាច្រើន កំពុងប្រឈមដូចជាការផ្សព្វផ្សាយដែលថាជំងឺកូវីត–១៩កើតឡើងដោយសារប្រព័ន្ធ5Gនោះបានបង្កឱ្យមានភាពចលាចលដល់សង្គមដែលនាំឱ្យមានការ វាយកម្ទេច អង់តែន ជាច្រើនកន្លែងនៅអឺរ៉ុប។ យ៉ាងណាម៉ិញ ការផ្សព្វផ្សាយព័ត៌មានចាស់ៗក៏អាចនាំឱ្យមានភាពច្របូកច្របល់ ដល់សង្គមផងដែរ ព្រោះខ្លឹមសារដែលមាននៅក្នុងអត្ថបទចាស់ៗទាំងនោះ វាអាចមិនពិតសម្រាប់ស្ថានភាពបច្ចុប្បន្ន។
ដោយឃើញពីគុណវិបត្តិនេះ ហើយបានជាក្រុមហ៊ុនហ្វេសប៊ុកទើបនឹងចាប់ផ្ដើម ដាក់ឱ្យប្រើប្រាស់ មុខងារគ្រឿងរំឭកមួយ ដើម្បីឱ្យអ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុកបានដឹងថា ព័ត៌មានដែលពួកគេ ចង់ចែកចាយនោះគឺជាព័ត៌មានចាស់។ មុខងារនេះនឹងបង្ហាញជាសារ ដល់អ្នកប្រើប្រាស់ ប្រសិនបើព័ត៌មាននោះចាស់ ជាង៣ខែ ទោះយ៉ាងនេះក្តីលោកអ្នក ត្រូវតែមានការប្រុងប្រយ័ត្នផងដែរ ព្រោះមុខងារនេះ គ្រាន់តែអាចប្រាប់ លោកអ្នកនូវរយៈពេល៣ខែ ពីថ្ងៃដែលព័ត៌មានត្រូវបាន ចែកចាយ គឺវាមិនមែនជារយៈពេល ដែលព័ត៌មាននោះត្រូវបានផ្សព្វផ្សាយ កាលពីដំបូងទេ។
ដោយឡែកក្រុមហ៊ុន បណ្តាញសង្គម Twitter ក៏មិនខុសពីហ្វេសប៊ុកដែរ គឺបានខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយការចែកចាយព័ត៌មាន ក្លែងក្លាយផងដែរ ដូចជាកាលពីពេលថ្មីៗនេះក្រុមហ៊ុនបានធ្វើការ សាកល្បងជាមួយ មុខងារថ្មីមួយដែលបញ្ជាក់ អ្នកប្រើប្រាស់ឱ្យ អានអត្ថបទមុននឹងពួកគេចែកចាយបន្ត៕