អ្នកប្រើប្រាស់ទូរសព្ទ iPhone អាចប្រើកូនសោរ សុវត្ថិភាព USB/NFC ចូលគណនី Google

0

ភ្នំពេញ៖ ប្រព័ន្ធសុវត្ថិភាព នៅតែជារឿងសំខាន់ ចំពោះការការពារ ឯកជនភាព ក៏ដូចជាសុវត្ថិភាព លើឯកសារសំខាន់ៗ ពីការលួចចូលពី ក្រុមជនអនាមិក។

នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ការប្រើលេខសម្ងាត់តែមួយ ត្រូវបានចាត់ទុកថា មិនគ្រប់គ្រាន់សម្រាប់ ការពារគណនី សំខាន់ៗដូចជា គណនីធនាគារជាដើម។ ដូច្នេះហើយទើបមានប្រព័ន្ធការពារសុវត្ថិភាពតាមរយៈ two-factor authentications ដែលទាមទារឱ្យមាន ការបញ្ជាក់លេខសម្គាល់ តាមរយៈលេខទូរសព្ទ ឬអុីម៉ែល បន្ថែមលើលេខសម្ងាត់ ទើបអាចចូលក្នុងគណនីបាន។

ប៉ុន្តែវិធីបញ្ជាក់នេះ ក៏នៅមានភាពចន្លោះប្រហោង ក្នុងការការពារសុវត្ថិភាពដែរ ដោយជនអនាមិកអាចប្រើវិធីផ្សេងៗដើម្បីលួចទទួលបាន លេខបញ្ជាក់ទាំងនោះ។

ដើម្បីការពារសុវត្ថិភាព ឱ្យកាន់តែល្អ ក្រុមហ៊ុនមួយចំនួន បានបង្កើតកូនសោ សុវត្ថិភាពដូចជា Titan Security Keys និង YubiKey 5Ci ដើម្បីចូលក្នុងគណនី ហើយថ្មីៗនេះក្រុមហ៊ុន Google ដោយបានសហការជាមួយក្រុមហ៊ុន Apple បានកែសម្រួលការផ្ទៀងផ្ទាត់ ពីរជំហាន (2-Step Verification) នេះឱ្យកាន់តែល្អជាមួយឧបករណ៍ប្រព័ន្ធ iOS ដោយអាចឱ្យអ្នកប្រើប្រាស់ iPhone និង iPad អាចបើកសោចូលប្រើគណនី Google តាមរយៈ USB/NFC security keys បាន។

ជាមួយការកែសម្រួលនេះ លោកអ្នកគ្រាន់ តែដាក់កូនសោសុវត្ថិភាព ដែលមានប្រព័ន្ធ NFC នៅជិត iPhone បន្ទាប់ពីបាន បញ្ចូលឈ្មោះអ្នកប្រើ និងលេខសម្ងាត់រួចរាល់ ដើម្បីដោះលេខកូដសុវត្ថិភាព។ សម្រាប់ iPad Pro លោកអ្នកអាចដោះលេខកូដតាមរយៈ USB-C បាន។ ការប្រើកូនសោសុវត្ថិភាពសម្រាប់ 2-Step Verification នេះត្រូវបានគេចាត់ទុកថា ជាវិធីការពារដ៏ខ្លាំងបំផុត ហើយដែលក្រុមហ៊ុន Google ទាមទារសម្រាប់ប្រើជាមួយកម្មវិធីការពារកម្រិតខ្ពស់ (Advanced Protection Program)។

ដើម្បីប្រើប្រាស់មុខងារនេះ ជាមួយប្រព័ន្ធ NFC ឬ USB-C លោកអ្នកត្រូវមានទូរសព្ទ iPhone ឬ iPad ដែលមានប្រព័ន្ធដំណើរការ iOS ចាប់ពី 13.3 ឡើងទៅ និងមានកូនសោសុវត្ថិភាព USB/NFC។

សូមបញ្ជាក់ផងដែរថា សម្រាប់អ្នកប្រើប្រាស់ធម្មតា មួយចំនួនធំ មិនចាំបាច់ប្រើកូនសោ សុវត្ថិភាពក៏បានដែរ ប៉ុន្តែត្រូវប្រើលេខសម្ងាត់ ដែលពិបាកនឹងស្មានដូច ដែលនាយកដ្ឋាន បានណែនាំ រួចមកហើយ ដោយឡែកចំពោះអ្នកដែលប្រើប្រាស់ទាក់ទង ទៅនឹងឯកសារសំខាន់ៗ និងអ្នកគ្រប់គ្រងប្រព័ន្ ធកុំព្យូទ័រព័ត៌មានវិទ្យា គួរតែប្រើកូនសោសុវត្ថិភាពនេះ ដើម្បីការពារគណនី របស់អតិថិជន ក៏ដូចជាឯកសារ របស់ពួកគេផ្ទាល់ គឺជារឿងល្អប្រសើរបំផុត៕