ក្រុមហ៊ុនហ្វេសប៊ុក នឹងចាប់ផ្ដើមរឹតបន្តឹង ការផ្ទៀងផ្ទាត់អត្តសញ្ញាណ កាន់តែខ្លាំង នៅសហរដ្ឋអាមេរិក

0

ភ្នំពេញ៖បន្តិចទៀត ប្រសិនបើការបង្ហោះរបស់លោកអ្នកទទួលបានប្រជាប្រិយភាពខ្លាំងនោះ លោកអ្នកគួរតែត្រៀមបង្ហាញអត្តសញ្ញាណប័ណ្ណឱ្យហើយទៅព្រោះក្រុមហ៊ុនហ្វេសប៊ុកនឹងចាប់ផ្ដើមរឹតបន្តឹង ការផ្ទៀងផ្ទាត់អត្តសញ្ញាណកាន់តែខ្លាំង។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថានាពេលបច្ចុប្បន្ននេះមានមនុស្សច្រើនរាប់លាននាក់បាននិងកំពុងប្រើប្រាស់កម្មវិធីបណ្តាញសង្គមជាច្រើន ស្របពេលជាមួយគ្នានេះដែរ មានអ្នកខ្លះក៏បានប្រើប្រាស់ព័ត៌មានពិតប្រាកដរបស់ខ្លួនក្នុងការបង្កើតនិងប្រើប្រាស់កម្មវិធីទាំងអស់នោះ ដូចជា ឈ្មោះ រូបថត អាសយដ្ឋាន ជាដើម ។ល។ ប៉ុន្តែក៏មានមនុស្សជាច្រើនដែលកំពុងតែប្រើប្រាស់ព័ត៌មានមិនពិតរបស់ខ្លួនផងដែរ។

ដើម្បីកាត់បន្ថយ ការប្រើប្រាស់ព័ត៌មាន មិនពិតនេះក្រុមហ៊ុនហ្វេសប៊ុក បានធ្វើការផ្ទៀងផ្ទាត់ អត្តសញ្ញាណនេះតាំងពីឆ្នាំ២០១៨មកម្លេះ សម្រាប់អ្នកគ្រប់គ្រង ផេកហើយឥឡូវនេះបាននិងកំពុង ពង្រីកការផ្ទៀងផ្ទាត់ អ្នកប្រើប្រាស់មួយចំនួនទៀត ដែលមានអ្នកតាមដានច្រើននៅសហរដ្ឋអាមេរិក ផងដែរ។

ក្រុមហ៊ុនក៏បានផ្សព្វផ្សាយថា តទៅមុខទៀតនឹងមានការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុគ្គលដែលធ្លាប់មានអាកប្បកិរិយាឆបោកនៅលើបណ្តាញសង្គមហ្វេសប៊ុក និងការបង្ហោះរបស់ពួកគេត្រូវបានរីករាលដាលយ៉ាងឆាប់រហ័សទៀតផងនោះ ព្រោះក្រុមហ៊ុនចង់ឱ្យអ្នកប្រើប្រាស់មានជំនឿទុកចិត្តថាបុគ្គលដែលគេបានឃើញនៅលើហ្វេសប៊ុកពិតជាមានបំណងផ្សព្វផ្សាយត្រឹមត្រូវប្រាកដមែន។

ប្រសិនបើនរណាម្នាក់ជ្រើសរើសមិនបញ្ជាក់អត្តសញ្ញាណរបស់ពួកគេឬអត្តសញ្ញាណប័ណ្ណមិនត្រូវគ្នានឹងគណនីហ្វេសប៊ុកដែលបានភ្ជាប់មកជាមួយនោះ ការបង្ហោះចែកចាយរបស់ពួកគេនឹងត្រូវបានកំណត់ ដូច្នេះមានតែចំនួនមនុស្សតិចតួចប៉ុណ្ណោះនឹងបានឃើញប៉ុន្តែប្រសិនបើវាជាផេកវិញនោះ អ្នកគ្រប់គ្រងនឹងពុំអាចផ្សព្វផ្សាយបានទៀតឡើយ។ ដំណើរការនៃការផ្ទៀងផ្ទាត់នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រុមហ៊ុនហ្វេសប៊ុក ដើម្បីបង្កើតគណនេយ្យភាពកាន់តែច្រើននៅលើហ្វេសប៊ុកនិងកែលម្អបទពិសោធន៍ក្នុងការប្រើប្រាស់របស់មនុស្សនៅលើកម្មវិធីរបស់ហ្វេសប៊ុក។

សូមបញ្ជាក់ផងដែរថា ការផ្ទៀងផ្ទាត់អត្តសញ្ញាណនេះត្រូវបានអនុវត្តនៅសហរដ្ឋអាមេរិកមុនគេសិន ហើយអាចនឹងបន្តធ្វើនៅតាមបណ្តារប្រទេសផ្សេងៗទៀតក្នុងពេលអនាគត៕