ភ្នំពេញ៖ ព័ត៌មានមិនពិត គឺជាចំណុចដ៏រសើបបំផុតមួយ ក្នុងការធ្វើឱ្យមនុស្ស មានការភាន់ច្រឡំ ចំពោះព្រឹត្ដិការណ៍ផ្សេងៗ ជាពិសេស នៅពេលដែល ពិភពលោកទាំងមូល កំពុងធ្វើការប្រយុទ្ធប្រឆាំង និងទប់ស្កាត់យ៉ាងខ្លាំង ទាក់ទងទៅនឹង ជំងឺកូវីត-១៩។ ក្នុងនោះប្រទេសកម្ពុជាយើង ក៏បាននិងកំពុងតែខំប្រឹង តាមដានដើម្បីទប់ស្កាត់ នឹងព័ត៌មានក្លែងក្លាយ ទាំងនោះផងដែរ។ នេះបើយោងតាម នាយកដ្ឋាន ប្រឆាំងបទល្មើស បច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ។
ដើម្បីទប់ស្កាត់ ការផ្សព្វផ្សាយព័ត៌មាន មិនពិតនិងបំភាន់ នៅលើបណ្តាញសង្គម ក្រុមហ៊ុនហ្វេសប៊ុកបានប្រើប្រព័ន្ធ AI ដើម្បីធ្វើការតាមដានព័ត៌មាន មិនពិត ទាក់ទងទៅនឹងជំងឺកូវីត-១៩ ដែលអាចធ្វើឱ្យលោក អ្នកមានការភាន់ច្រឡំ ទៅលើការរីករាលដាល ឬការព្យាបាលនៃជំងឺនេះ។ ជាក់ស្តែងវាពិតជា មានការលំបាកខ្លះៗ ហើយក្នុងទប់ស្កាត់ និងបង្ក្រាបការលក់ផលិតផល ក្លែងក្លាយ សម្រាប់ការពារការឆ្លងនៃជំងឺកូវីត-១៩ ដែលមានដូចជា ម៉ាស់បិទមុខ ទឹកលាងដៃ និងឧបករណ៍ធ្វើតេសទាំងនោះ ដោយសារតែជនខិលខូច ធ្វើការកែរូបភាព តែបន្តិចបន្តួចក៏អាច ធ្វើការបំភាន់ភ្នែក អ្នកតាមដាន ឬប្រព័ន្ធ AI បានបាត់ទៅហើយ។ ព្រោះតែពិបាក ក្នុងការវិភាគព័ត៌មាន ក៏ដូចជារូបភាពក្លែងក្លាយទាំងនោះ ក្រុមហ៊ុនបានប្រើប្រព័ន្ធ SimSearchNet ដែលជាប្រព័ន្ធបង្កើតឡើង ដើម្បីចាប់ភស្ដុតាង ក្នុងរូបភាពដែលសឹង តែដូចគ្នាបេះបិទ។
ដោយការប្រើប្រាស់ បច្ចេកវិទ្យាថ្មីៗ ក្រុមហ៊ុនហ្វេសប៊ុក បានធ្វើការដាក់ ជាបម្រាមតាមបណ្តាញសង្គម របស់ពួកគេជាង ៥០លាន បម្រាមមកហើយ ទាក់ទងទៅនឹងការឆ្លង រីករាលដាល នៃជំងឺកូវីត-១៩ កាលពីអំឡុងខែមេសា កន្លងទៅនេះ។ ដោយឡែកចាប់ពីថ្ងៃទី១ ខែមីនា ហ្វេសប៊ុក បានលុបចោលនូវ ការផ្សព្វផ្សាយលក់ ម៉ាស់បិទមុខ ទឹកលាងដៃ ឧបករណ៍ធ្វើតេស្តរកជំងឺកូវីត-១៩ បានប្រមាណជា ២.៥លាន ហើយក្រុមហ៊ុន ក៏បានសហការជាមួយអង្គការ ប្រមាណជា៦០ផ្សេងទៀត ដើម្បីត្រួតពិនិត្យតាមដាន ព័ត៌មានក្លែងក្លាយ ជុំវិញពិភពលោកដែល សរសេរជាភាសាផ្សេងៗគ្នាប្រហែល ៥០ភាសាផងដែរ ៕
