លក្ខណៈសម្បត្តិផ្លូវការរបស់ Samsung Galaxy M11

0

Galaxy M11 ជាម៉ូដែលថ្មីមួយទៀតរបស់ក្រុមហ៊ុន Samsung។ ទូរស័ព្ទម៉ូដែលនេះត្រូវបានដាក់លក់ជាផ្លូវការហើយ នៅលើគេហទំព័ររបស់អារ៉ាប់រួម ដោយបានបង្ហាញលក្ខណៈសម្បត្តិពិសេសៗទាំងអស់ផងដែរ ប៉ុន្តែតម្លៃមិនទាន់ត្រូវបានបង្ហាញឲ្យដឹងនោះទេ។

Samsung Galaxy M11 មានអេក្រង់ទំហំ 6.4អ៊ីញ ដែលអាចបង្ហាញរូបភាពបានកំរិត HD+ និងកាមេរ៉ាទំលុះអេក្រង់ ស្ថិតនៅជ្រុងខាងឆ្វេង ផ្នែកខាងលើ។ ក្រុមហ៊ុនកូរ៉េមួយនេះ មិនបានបង្ហើបឲ្យដឹងពីឈីបរបស់វាទេ ដូច្នេះយើងដឹងត្រឹមថា M11 ភ្ជាប់មកជាមួយស៊ីភីយូ Octa-core ដែលមានល្បឿនរហូតដល់ទៅ 1.8 GHz រ៉េមមានទំហំ 3GB ចំណែកឯទំហំផ្ទុកគឺ 32GB ប៉ុន្តែមានរន្ធសម្រាប់ដោតកាត microSD ។

នៅផ្នែកខាងក្រោយមានកាមេរ៉ា 3គ្រាប់ តំរៀបគ្នាជាលក្ខណៈបញ្ឈរ។ កាមេរ៉ាទី1មានទំហំ 13 MP f/1.8, កាមេរ៉ាទី2 មានទំហំ 5 MP f/2.2 ជាប្រភេទ wide-angle ហើយកាមេរ៉ាទី3 ជាប្រភេទ depth sensor for portrait shots។ ចំពោះកាមេរ៉ាមុខវិញមានទំហំ 8 MP f/2.0 (fixed focus) ដែលមានសមត្ថភាពថតវីដេអូកម្រិត 1080p 30fps។

ទូរស័ព្ទម៉ូដែលថ្មីមានថាមពលថ្មទំហំធំ រហូតដល់ 5,000 mAh ដែលអាចសាកថ្មបានតាមរយៈរន្ធ USB-C និងមានទម្ងន់ 197ក្រាម។ ជម្រើសនៃការតភ្ជាប់ផ្សេងទៀតរួមមាន ប៊្លូធូស 4.2, រន្ធដោតកាស 3.5មីលីម៉ែត្រ, Wi-Fi ល្បឿន 2.4GHz ប៉ុន្តែគួរឲ្យសោកស្តាយ ម៉ូដែលនេះមិនមានប្រព័ន្ធ NFC ទេ។ អ្វីដែលមិននឹកស្មានមិនដល់នោះគឺ ទូរស័ព្ទនេះគឺប្រើប្រព័ន្ធLTE ហើយមានកន្លែងសម្រាប់ដាក់ស៊ីមកាតចំនួន ២ ព្រមទាំងរន្ធដោតកាតមេម៉ូរីកាតផងដែរ៕