លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបបជីវភាព សម្រាប់ជនជាប់ឃុំ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ របស់ពន្ធនាគារខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា ការងារគ្រប់គ្រងពន្ធនាគារ គឺជាភារកិច្ចមួយដ៏មានសារៈសំខាន់ស្មុគ្រស្មាញ និង ប្រទាក់ក្រឡាគ្នា ដែលទាមទារឲ្យមន្ដ្រីត្រូវយកចិត្តទុកដាក់ គិតគូរយ៉ាងហ្មត់ចត់ និងរៀបចំកែសម្រួលបត់បែនជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងទំហំការងារជាក់ស្ដែងផង និងស្របតាមដំណាក់កាលវិវត្តប្រែប្រួលរីកចម្រើនរបស់សង្គមជាតិផងដែរ ពីព្រោះការវិវត្តប្រែប្រួល នៃសង្គមជាតិពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងការពង្រឹងវិធានការច្បាប់ជាបន្តបន្ទាប់ បង្កើតឲ្យមានបញ្ហាប្រឈមនានា ទាំងការងារគ្រប់គ្រងនៅអង្គភាពប្រតិបត្តិការ ផ្ទាល់ពន្ធនាគារ ក៏ដូចជានៅថ្នាក់កណ្ដាល។
លោកជំទាវបណ្ឌិត អភិបាលខេត្ត បានណែនាំ និងដាក់វិធានការមួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្ត គ្រប់ថ្នាក់គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងមន្ត្រី ដើម្បីធានាប្រសិទ្ធិភាពការងារ ធ្វើយ៉ាងណាលុបបំបាត់នូវបាតុភាពមិនប្រក្រតី ភាពអសកម្មទាំងឡាយដែលនៅសេសសល់ និង ត្រូវខិតខំរៀនសូត្រ បង្កើនចំណេះដឹងទូទៅ និង សិក្សាស្វែងយល់បន្ថែមទៀត ពីច្បាប់ស្តីពីពន្ធនាគារ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ នីតិវិធីពន្ធនាគារ បទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងលិខិតបទដ្ឋានផ្សេងៗទៀតពាក់ព័ន្ធការងារពន្ធនាគារ។
ជាពិសេសគ្រប់ថ្នាក់ ត្រូវអនុវត្តការងារដឹកនាំ គ្រប់គ្រងឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ ទៅតាមឋានានុក្រម តាមតួនាទីភារកិច្ចដែលបានបែងចែក និងតាមដានត្រួតពិនិត្យរាល់ការអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីក្រោមឱវាទជាប្រចាំ ព្រមទាំងបញ្ចេញជនជាប់ឃុំ ឱ្យធ្វើពលកម្ម ឬការងារផ្សេងទៀតនៅក្រៅអគារឃុំឃាំង ត្រូវជ្រើសរើសយកជនជាប់ឃុំដែលមានកម្រិតសន្តិសុខទាប ឬជនជាប់ឃុំដែលមានកែប្រែខ្លួនបានល្អ ដោយផ្អែកលើការវាយតម្លៃរបស់គណៈកម្មការធ្វើចំណាត់ថ្នាក់សន្តិសុខជនជាប់ឃុំ។
នៅក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានក្រើនរំលឹក ដល់ថ្នាក់ដឹកនាំ មន្ត្រីគ្រប់ផ្នែក គ្រប់ជំនាញ នៃអង្គភាពពន្ធនាគារខេត្ត ត្រូវតែបង្កើនការប្រុងប្រយ័ត្នទ្វេរដង ពីព្រោះអ្នកជាប់ ទោសមានមុខសញ្ញាបទ ល្មើសគ្រប់ប្រភេទ មិនត្រូវមើលស្រាលនោះឡើយ ហើយបើមានករណីអ្វីកើតឡើងនោះ គឺនាំឲ្យបាត់បង់គុណតម្លៃរបស់មន្ត្រី ហេតុនេះត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នា ប្រុងប្រយ័ត្ន ជាប់ជាប្រចាំ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ពន្ធនាគារខេត្តប៉ៃលិន ជនជាប់ឃុំរួមចំនួន ៦២១នាក់ ស្ត្រី២៤នាក់ ក្នុងនោះជនត្រូវចោទ ចំនួន៧៦នាក់ ស្រ្តី៥នាក់, ជនជាប់ចោទ ចំនួន៨៨នាក់ ស្ត្រី២នាក់, ពិរុទ្ធជន ចំនួន៨៩នាក់ ស្ត្រី៦នាក់ និងទណ្ឌិត ចំនួន ៣៦៨នាក់ ស្ត្រី១១ នាក់៕