បរទេស៖ អាជ្ញាធររដ្ឋ Texas សហរដ្ឋអាមេរិកបានប្ដឹងក្រុមហ៊ុន Meta ទាក់ទងទៅនឹងការប្រើប្រាស់ប្រព័ន្ធ Face Recognition ដោយចោទប្រកាន់ថា ប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានរំលោភលើច្បាប់ការពារឯកជនភាពរបស់រដ្ឋជាមួយនឹងបច្ចេកវិទ្យាសម្គាល់មុខ ដែលប្រមូលទិន្នន័យជីវមាត្ររបស់ប្រជាជននៅក្នុងរដ្ឋ Texas រាប់លាននាក់ដោយគ្មានការយល់ព្រមពីពួកគេ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន the Wall Street Journal។
នៅក្នុងពាក្យបណ្ដឹងរដ្ឋាភិបាលក៏បានចោទប្រកាន់ Facebook ពីបទទាញយកព័ត៌មានជីវមាត្រពីរូបថត និងវីដេអូដែលអ្នកប្រើប្រាស់បានបង្ហោះដោយគ្មានការយល់ព្រម បង្ហាញព័ត៌មានដល់អ្នកដទៃ និងខកខានក្នុងការបំផ្លាញវាក្នុងរយៈពេលដ៏សមរម្យមួយ។
កាលពីចុងឆ្នាំកន្លងទៅក្រុមហ៊ុន Meta បានប្រកាសថា នឹងបិទប្រព័ន្ធ Face Recognition របស់កម្មវិធីហ្វេសប៊ុកហើយសន្យាថា នឹងលុបចោលទិន្នន័យរបស់អ្នកប្រើប្រាស់ដែលពួកគេបានប្រមូលដែលមានចំនួនប្រមាណមួយពាន់លាននាក់។ មុខងារសម្គាល់មុខត្រូវបានក្រុមហ៊ុនដាក់បញ្ចូលទៅក្នុងកម្មវិធីហ្វេសប៊ុកកាលពីឆ្នាំ២០១១ ប៉ុន្តែក្នុងឆ្នាំ២០១៧ ក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរមួយចំនួនដែលអាចឱ្យអ្នកប្រើប្រាស់បិទប្រព័ន្ធ Face Recognition បាន។ បច្ចុប្បន្នមានអ្នកប្រើប្រាស់តែប្រមាណ ៣០ភាគរយដែលកំពុងតែប្រើមុខងារនេះ។
គួរបញ្ជាក់ផងដែរថា ប្រជាប្រិយភាពរបស់កម្មវិធីហ្វេសប៊ុកមានការថយចុះខ្លាំងក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះជាមួយនឹងក្មេងវ័យជំទង់។ ក្នុងឆ្នាំ២០១២ ៩៤% នៃក្មេងជំទង់មានគណនីហ្វេសប៊ុក ប៉ុន្តែចំនួននេះបានថយចុះនៅសល់តែ២៧%នៅក្នុងឆ្នាំ២០២១ ហើយពួកគេបានងាកមកប្រើកម្មវិធីទំនាក់ទំនងសង្គមផ្សេងៗទៀតមានដូចជា Snapchat, Twitter, Instagram និង TikTok ជំនួសវិញ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department