បរទេស៖ កាលពីថ្ងៃសុក្រ យ៉ាងហោចណាស់មានមនុស្សចំនួន ០៨នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេលការវាយឆ្មក់របស់នគរបាលនៅពេលព្រឹកព្រលឹមនៅក្នុងតំបន់ Vila Cruzeiro favela ក្នុងទីក្រុង Rio de Janeiro ដោយបន្ថែមថាប្រតិបត្តិការនេះបានកំណត់គោលដៅ ទៅលើឈ្មួញគ្រឿងញៀនដ៏សំខាន់ម្នាក់។
យោងតាមនគរបាលបានឱ្យដឹងថា លោក Chico Bento គឺជាសមាជិកម្នាក់របស់អង្គការឧក្រិដ្ឋកម្មដ៏ធំបំផុតរបស់ទីក្រុង Rio ហើយត្រូវបានរាយការណ៍ថាបានលាក់ខ្លួននៅក្នុងតំបន់ Vila Cruzeiro ដោយបានភៀសខ្លួនពីតំបន់ Jacarezinho ជាតំបន់ដែលកាន់កាប់ដោយនគរបាលកាលពីដើមឆ្នាំនេះ ខណៈដែលអាជ្ញាធរបានប្តេជ្ញាថានឹងខិតខំប្រឹងប្រែងជាថ្មីដើម្បីនាំយកសន្តិសុខ និងសេវាសាធារណៈដល់ទីក្រុងដែលរងគ្រោះដោយហិង្សាយ៉ាងអនាធិតេយ្យ។
នគរបាលបានឱ្យដឹងទៀតថា មនុស្សចំនួន ០៨នាក់ ដែលត្រូវបានសម្លាប់គឺជាសមាជិកនៃក្រុមជួញដូរគ្រឿងញៀននោះ។ ពួកគេក៏បានបន្ថែមថា សមាជិកនៃក្រុមជនអន្ធពាលដែលធ្វើសកម្មភាពលួចទំនិញដែលដឹកជញ្ជូនតាមនាវាក៏ត្រូវបានកំណត់គោលដៅផងដែរនៅក្នុងការវាយឆ្មក់កាលពីថ្ងៃសុក្រ។ នគរបាលបាននិយាយថា ពួកគេបានរឹបអូសកាំភ្លើង គ្រាប់បែកដៃ និងថ្នាំញៀនមួយចំនួនធំ។
ការបាញ់ប្រហារក្នុងអំឡុងពេលប្រតិបត្តិការនោះបានធ្វើឱ្យអ្នកស្រុកក្នុងតំបន់ Vila Cruzeiro មិនអាចចាកចេញពីផ្ទះរបស់ពួកគេបាន។ ហើយកន្លែងថែទាំសុខភាព និងសាលានៅក្បែរនោះក៏ត្រូវបានបិទអំឡុងពេលមានការបាញ់ប្រហារផងដែរ ៕