បរទេស៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរប្រទេសហ្វាំងឡង់បានធ្វើការព្រមានឱ្យពលរដ្ឋរបស់ពួកគេមានការប្រុងប្រយ័ត្នជាមួយនឹងការបោកបញ្ឆោតតាមរយៈការផ្ញើសារដោយក្លែងបន្លំធ្វើជាមិត្តភ័ក្តិដើម្បីលួចយកគណនីហ្វេសប៊ុក។
ទាក់ទងនឹងការបោកបញ្ឆោតនេះ ជាដំបូងជនខិលខូចបានផ្ញើសារតាមរយៈកម្មវិធី Messenger ស្នើសុំឱ្យជនរងគ្រោះផ្ដល់នូវលេខទូរសព្ទដើម្បីចុះឈ្មោះឈ្នះរង្វាន់ធំៗ បន្ទាប់មកពួកគេបានប្រាប់ឱ្យជនរងគ្រោះផ្ដល់នូវកូដសម្ងាត់ OTP ដើម្បីបញ្ជាក់ពីការចុះឈ្មោះ។ នៅពេលដែលជនខិលខូចបានទទួលនូវលេខទូរសព្ទនិងលេខកូដសម្ងាត់ ពួកគេនឹងចូលទៅក្នុងគណនីហ្វេសប៊ុកហើយធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ និងអុីម៉ែល ដើម្បីគ្រប់គ្រងគណនីរបស់ជនរងគ្រោះ។ ជាងនេះទៅទៀត ពួកគេនឹងប្រើគណនីទាំងនោះដើម្បីផ្ញើសារទៅមិត្តភ័ក្តិដែលមាននៅក្នុងគណនីដើម្បីបន្តធ្វើការបោកបញ្ឆោត។
ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ក៏ដូចជាគណនីអនឡាញដទៃទៀត អ្នកប្រើប្រាស់ត្រូវតែមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារទាមទារឱ្យផ្ដល់នូវលេខកូដសម្ងាត់ OTP ព្រោះក្រុមហ៊ុនភាគច្រើននឹងមិនផ្ញើសារទាមទារឱ្យអ្នកប្រើប្រាស់ផ្ដល់នូវលេខកូដសម្ងាត់នេះទេ។ ប្រសិនបើលោកអ្នកទទួលបានសារ ដែលអះអាងថាជាបងប្អូនឬមិត្តភ័ក្តិ លោកអ្នកគួរតែធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទដោយផ្ទាល់ជាមុនសិន ដើម្បីបញ្ជាក់អត្តសញ្ញាណ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department