នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា បុរសម្នាក់នៅក្រុង Los Angeles រដ្ឋ California បានលួចចូលទៅក្នុងគណនី iCloud ជាច្រើនរបស់នារីៗ ដែលមានវ័យក្មេង ដើម្បីស្វែងរករូបភាព និងវីដេអូអាសអាភាសរបស់ពួកគេ។
បើតាមការសារភាពរបស់ បុរសរូបនេះបានបង្ហាញថា គាត់បានប្រើវិធីសាស្រ្ត បន្លំធ្វើជាបុគ្គលិករបស់ក្រុមហ៊ុន Apple ហើយបានលួងលោមជនរងគ្រោះ (social engineering) ឱ្យផ្ដល់លេខសម្ងាត់ តាមរយៈអ៊ីមែល “applebackupicloud” និង “backupagenticloud.”។ អាជ្ញាធរបានរកឃើញ អ៊ីមែលចំនួនប្រមាណ ៥០ម៉ឺន ដែលក្នុងនោះអ៊ីមែលចំនួន ៤៧០០ មានផ្ទុកលេខសម្ងាត់សម្រាប់គណនី iCloud។
ដើម្បីសុវត្ថិភាពក្នុងការ ប្រើប្រាស់គណនីអនឡាញ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា តែងតែធ្វើការក្រើនរំឮកដល់អ្នកប្រើប្រាស់ ឱ្យមានការប្រុងប្រយ័ត្ន នៅពេលដែលទទួលបានសារ ឬអ៊ីមែលណាមួយដែល ទាមទារឱ្យផ្ដល់លេខសម្ងាត់។ ជាទូទៅលោកអ្នកគួរតែធ្វើការ ទំនាក់ទំនងទៅក្រុមហ៊ុនដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានលម្អិត។
ម្យ៉ាងវិញទៀតលោកអ្នក គួរតែបើកប្រើប្រព័ន្ធ two-factor authentication (2FA) ដើម្បីការពារគណនី ពីការជ្រៀតចូលពីជនខិលខូច មានដូចជាការជ្រៀតចូលតាមរយៈ phishing ជាដើម ៕