នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីឆ្នាំ២០១៤ ក្រុមហ៊ុនហ្វេសប៊ុកបាន បំបែកមុខងារមួយចំនួន ពីកម្មវិធីហ្វេសប៊ុក ដើម្បីបញ្ចូលទៅក្នុងកម្មវិធីថ្មី ដែលមានឈ្មោះ Messenger ដែលអាចឱ្យអ្នកប្រើប្រាស់ផ្ញើសារនិង call។
មូលហេតុដែលក្រុមហ៊ុន បានបំបែកកម្មវិធីនៅពេលនោះ គឺដើម្បីឱ្យការប្រើប្រាស់កាន់តែ មានភាពងាយស្រួល ហើយម្យ៉ាងវិញទៀត ក្រុមហ៊ុនក៏បានបន្ថែម មុខងារមួយចំនួនទៀត ទៅក្នុងកម្មវិធីថ្មីនេះផងដែរ។
ប៉ុន្តែកាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត អាចប្រើមុខងារ call តាមរយៈសម្លេងឬវីដេអូ នៅក្នុងកម្មវិធីហ្វេសប៊ុក ដោយមិនចាំបាច់ចូលទៅក្នុងកម្មវិធី Messenger។ បើតាមការបញ្ជាក់របស់ ក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុនកំពុងតែសាកល្បង មុខងារនេះដើម្បីកាត់បន្ថយកុំឱ្យ មានការផ្លាស់ប្ដូររវាងកម្មវិធី ទាំងពីរច្រើនពេក ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់ មានការធុញទ្រាន់។
ជាងនេះទៅទៀតក្រុមហ៊ុន អាចនឹងបន្ថែមមុខងារផ្ញើសារ ទៅក្នុងកម្មវិធីហ្វេសប៊ុកផ្ទាល់ផងដែរ ដើម្បីទាក់ទាញអ្នកប្រើប្រាស់ ពីកម្មវិធីផ្ញើសារផ្សេងៗទៀត មានដូចជា iMessage របស់ក្រុមហ៊ុន Apple ជាដើម ៕