ហ៊ានមែន! បុរម្នាក់ប្រើឈ្មោះថ្នាក់ដឹក តេសុំលុយតាមស្ថាប័នផ្សេងៗ សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន

0

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ក្រោយពីទទួលបានព័ត៌មានថា មានជនមិនស្គាល់អត្តសញ្ញាណ ក្លែងបន្លំដោយអះអាងថា ខ្លួនជាអង្គរក្សថ្នាក់ដឹកនាំ ហើយប្រើប្រាស់ទូរស័ព្ទខល សុំលុយតាមស្ថាប័ននានា។

ក្រោយពីទទួលបានព័ត៌មាននេះ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដាក់បទបញ្ជា តាមបណ្ដាការិយាល័យជំនាញ និងមូលដ្ឋានកង រាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ធ្វើការស្រាវជ្រាវ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតបានឱ្យដឹងថា ដោយអនុវត្តបទបញ្ជា លោកបានដឹកកម្លាំង ចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យបានម្នាក់ឈ្មោះ គុយ ជាង ហៅអាម៉ាប់ ភេទប្រុស អាយុ៣៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅ បណ្ដោះអាសន្នបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ដើម្បីសាកសួរចម្លើយ។

ក្រោយពីសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លូនពិតជាបានប្រើឈ្មោះថ្នាក់ដឹក ដើម្បីតេសុំលុយតាមស្ថាប័នផ្សេងៗ សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង (លេខទូរស័ព្ទ) ទើបកម្លាំងជំនាញព្រហ្មទណ្ឌ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកប​ ញ្ជាការដ្ឋានកងរាជងាវុធហត្ថខេត្ត ចាត់ការបន្ត។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ចូន ទៅសាលាដំបូងខេត្ត ៕