ដោយសារតែក្រុមអ្នកឃ្លាំមើល មានការព្រួយបារម្ភទាក់ទង នឹងការការពារព័ត៌មានឯកជនភាព របស់អ្នកប្រើប្រាស់ជាមួយ នឹងមុខងារថ្មីរបស់ក្រុមហ៊ុន Apple ដែលអាចស្កេនរករូបភាព អាសអាភាសដែលផ្ញើតាមរយៈ iMessage ជាមួយនឹងទូរសព្ទ iPhone ដែលមានប្រព័ន្ធប្រតិបត្តិការ iOS 15 នោះ ក្រុមហ៊ុន Apple បានធ្វើការបំភ្លឺបន្ថែមថា មុខងារនេះគឺសម្រាប់តែគណនីក្មេងក្រោម ១៨ឆ្នាំ និងថែមទាំងតម្រូវឱ្យមានការ ឯកភាពពីអាណាព្យាបាលផងដែរ។
សម្រាប់គណនីដែលមានក្មេងក្រោមអាយុ ១៣ឆ្នាំ នៅពេលដែលក្រុមហ៊ុនស្កេន ឃើញរូបភាពអាសអាភាសនៅក្នុងសារ ក្រុមហ៊ុនមិនត្រឹមតែធ្វើឱ្យរូបភាពទាំងនោះព្រិល ថែមទាំងបង្ហាញនូវពាក្យពេចន៍ ព្រមានទាក់ទងនឹងរូបភាពទាំងនេះផងដែរ។ ប្រសិនបើកុមារបើកមើលរូបភាពទាំងនោះ ក្រុមហ៊ុនអាចនឹងផ្ដល់ដំណឹង ទៅអាណាព្យាបាល ប្រសិនបើពួកគេបានបើកប្រើមុខងារនេះ។ សម្រាប់គណនីដែលមានក្មេងពីអាយុ ១៣ ដល់ ១៧ឆ្នាំ ក្រុមហ៊ុនគ្រាន់តែបង្ហាញសារព្រមាន និងធ្វើឱ្យរូបភាពព្រិលតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា អ្នកប្រើប្រាស់អាចបើកប្រើឬបិទមុខងារនេះបាន។ ម្យ៉ាងវិញទៀតក្រុមហ៊ុនបានប្រើកុំព្យូទ័រ ដើម្បីស្កេនរករូបភាពដែលមាននៅក្នុង iMessage ជាមួយនឹងប្រព័ន្ធសុវត្ថិភាព end-to-end encryption ដូច្នេះពុំមានអ្នកណាអាចចូលទៅ មើលរូបភាពទាំងនោះបានឡើយ ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា