ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅដំណាច់ឆ្នាំខាងមុខនេះ ប្រសិនបើមិនមានការប្រែប្រួល ឬការរំខានដោយសារជំងឺកូវី-១៩ នោះទេ រដ្ឋបាលខេត្ត ក៏ដូចជាក្រសួងទេសចរណ៍ គ្រោងនឹងយកទីតាំងនៅវិថីតេជោ តំបន់ពយតាមូង ដើម្បីប្រារព្ធពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ។
ការថ្លែងបញ្ជាក់របស់អភិបាលខេត្តព្រះសីហនុ ធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំ មន្រ្តីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យ ទីតាំងត្រៀមរៀបចំពិធីបុណ្យសមុទ្រ នៅតាមបណ្តោយវិថីតេជោ តភ្ជាប់ពីវិថី ២ធ្នូ មកចុងផ្លូវ ៥០២ ស្ថិតនៅតំបន់ពយតាមូង ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ។
ជាមួយគ្នានេះ ដើម្បីឱ្យទីតាំងប្រារព្ធពិធីបុណ្យសមុទ្រ មានសោភ័ណភាព និងបរិស្ថានស្អាត រដ្ឋបាលខេត្តបាន និងកំពុងរៀបចំកែលម្អសួនច្បារ ដាក់អំពូលភ្លើង ដាំដើមកោងកាង រៀបចំបន្ទប់ទឹក និងពង្រីកទីធ្លាឱ្យបាន ធំទូលាយបន្ថែមទៀត ដើម្បីរៀបចំប្រារព្ធពិធី ជាពិសេសជាការទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកលេងកម្សាន្ត ក្នុងឱកាសនៃពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ នាពេលខាងមុខ។
លោកអភិបាលខេត្ត ក៏បានណែនាំឱ្យក្រុមការងារ ត្រូវពន្លឿនការរៀបចំឱ្យបានលឿន ប្រកបដោយគុណភាព និងសោភ័ណភាព ដោយត្រូវធ្វើយ៉ាងណាឱ្យបានរួចរាល់ មុនថ្ងៃនៃការរៀបចំពិធីបុណ្យសមុទ្រ ៕