ប្រយ័ត្ន! Microsoft ព្រមានពីការបោកបញ្ឆោត តាមរយៈ Phishing ជាមួយនឹងការច្នៃប្រឌិត

0

កាលពីចុងសប្ដាហ៍ កន្លងទៅនេះក្រុមហ៊ុន Microsoft បានចេញការណែនាំថ្មី ដល់អ្នកប្រើប្រាស់កម្មវិធី Office 365 ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹង ការបោកបញ្ឆោតតាមរយៈ Phishing ដែលជនខិលខូចបាន ប្រើអាសយដ្ឋានអ៊ីមែល ដែលមើលទៅគួរឱ្យជឿទុកចិត្តបាន។

បើតាមការរកឃើញរបស់ក្រុមហ៊ុន ជនខិលខូចបានក្លែងបន្លំឈ្មោះ និងអាសយដ្ឋានអ្នកផ្ញើ ឱ្យស្រដៀងគ្នាទៅនឹងឈ្មោះ របស់ក្រុមហ៊ុនពិតប្រាកដ ដើម្បីគេចវេសពីកម្មវិធីទប់ស្កាត់អ៊ីមែល Phishing របស់ក្រុមហ៊ុន។ ពាក្យពេចន៍មួយចំនួនដែល ជនខិលខូចបានប្រើនៅក្នុង អ៊ីមែលទាំងនោះមានដូចជា ‘file share’, ‘Staff Reports’, ‘Bonuses’ និង ‘Pricebooks’។

ជនខិលខូចបានប្រើ វិធីបោកបញ្ឆោតតាមរយៈ Phishing នេះដោយសង្ឃឹមថាអ្នកប្រើប្រាស់ នឹងវាយបញ្ចូលឈ្មោះ និងលេខសម្ងាត់ ហើយបន្ទាប់មកពួកគេនឹងប្រើវា ដើម្បីចូលទៅក្នុងគណនី របស់ជនរងគ្រោះដើម្បីលួចយកទិន្នន័យ ឬប្រាក់កាស។ បើតាមការផ្សព្វផ្សាយរបស់ FBI សហរដ្ឋអាមេរិកបានបង្ហាញថា ចំនួនទឹកប្រាក់ដែលបានខាតបង់ ជាមួយនឹងការបោកបញ្ឆោតតាមរយៈ Phishing គឺមានចំនួនច្រើនជាង ការជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា (Ransomware) ទៅទៀតកាលពីឆ្នាំកន្លងទៅ ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា