ខ្សែបម្រើ Renato Sanches របស់ក្លឹបបារាំង Lille ត្រូវបានគេរាយការណ៍ថា មានក្តីប្រាថ្នាចង់ចូលរួមជាមួយក្លិបអ្នកមានបុណ្យ FC Barcelona នៅក្នុងរដូវដោះដូរកីឡាករនារដូវក្តៅនេះ ។
Sanches បានបង្ហាញទម្រង់គួរឲ្យចាប់អារម្មណ៍ ឲ្យក្រុមបារាំង Lille ក្នុងរដូវកាល ២០២០-២០២១ ដោយស៊ុតបញ្ជូលទីបាន ១គ្រាប់ បញ្ជូលបាល់ឲ្យមិត្ដរួមក្រុមបាន ៤លើក ក្នុងការបង្ហាញខ្លួន ២៨ប្រកួត ហើយរូបគេក៏រីករាយ ជាមួយក្រុមជម្រើសជាតិព័រទុយកាល់ ក្នុងព្រឹត្ដិការណ៍ EURO 2020 ផងដែរ។
ជាមួយគ្នានោះដែរ Arsenal និង Liverpool ក៏កំពុងចាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខលើខ្សែបម្រើព័រទុយហ្គាល់ វ័យ ២៣ឆ្នាំរូបនេះ នាទីផ្សារដោះដូរកីឡាករបច្ចុប្បន្នផងដែរ។
យ៉ាងណាមិញ Lille បានដាក់តម្លៃខ្លួន Sanches ចំនួន ៣៥លានអឺរ៉ូ (ឬប្រមាណ ៤១លានដុល្លារអាមេរិក) ដូច្នេះក្លិបយក្សអេស្ប៉ាញ Barca ទំនងជាមិនអាចចុះហត្ថលេខាយកគេនារដូវក្ដៅនេះទេ ដោយសារក្លិបកំពុងជួបបញ្ហាហិរញ្ញវត្ថុ។
ហើយមានការលើកឡើងដែរថា Barca អាចព្យាយាមយក Sanches ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលថ្មីមុនអាចទិញដាច់ បើទោះបីក្លិប Lille ទំនងជាមិនទទួលយកលក្ខខណ្ឌនេះក៏ដោយ៕