Microsoft បន្ថែមមុខងារ Safe Links សម្រាប់កម្មវិធី Teams ដើម្បីការពារពីការបោកបញ្ឆោតតាមរយៈ Phishing

0

ដោយសារតែការប្រើប្រាស់កម្មវិធី Video Conferencing សម្រាប់កិច្ចប្រជុំនៅតែមានតម្រូវការខ្ពស់ ក្រុមហ៊ុនជាច្រើនតែងតែបន្ថែមមុខងារថ្មីៗ ដើម្បីទាក់ទាញអតិថិជន ឱ្យងាកមកប្រើកម្មវិធីរបស់ពួកគេ។

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Microsoft ក៏បានបន្ថែមមុខងារ Safe Links សម្រាប់កម្មវិធី Teams ដើម្បីជួយការពារអ្នកប្រើប្រាស់ ពីការបោកបញ្ឆោតតាមរយៈ Phishing ដែលនៅតែជាបញ្ហាដ៏ធំមួយ សម្រាប់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន។ Phishing គឺជាពាក្យដែលគេប្រើសំដៅទៅលើល្បិច ដែលជនអនាមិកប្រើដើម្បីបោកបញ្ឆោត អ្នកប្រើប្រាស់ក្នុងការលួចយកទិន្នន័យ ឬក៏លេខសម្ងាត់ តាមរយៈតំណភ្ជាប់ក្លែងក្លាយ។

កម្មវិធីនេះនឹងស្កេនទៅលើ តំណភ្ជាប់នៅពេលដែលលោកអ្នកចុចវា ជាជាងក្នុងពេលដែលលោកអ្នកទទួលបានតំណភ្ជាប់។ វិធីនេះត្រូវបានក្រុមហ៊ុន Microsoft អះអាងថា វាមានប្រសិទ្ធភាពជាងការស្កេន នៅពេលដែលតំណភ្ជាប់បានទទួល ព្រោះជនខិលខូចអាចធ្វើការ ផ្លាស់ប្ដូរតំណភ្ជាប់បន្ទាប់ពី ពួកគេបានផ្ញើរួចហើយនោះ។ ដើម្បីអាចប្រើមុខងារថ្មីនេះ ក្រុមហ៊ុនតម្រូវឱ្យលោកអ្នកប្រើកម្មវិធី Defender for Office 365 ផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីសប្ដាហ៍មុននាយកដ្ឋាន ក៏បានធ្វើការផ្សព្វផ្សាយ អប់រំអ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្ន នៅពេលដែលលោកអ្នកទទួល បានតំណភ្ជាប់ណាមួយ ជាពិសេសជាមួយនឹងតំណភ្ជាប់ ដែលត្រូវបានបង្រួញនោះ។ ដើម្បីសុវត្ថិភាពក្នុងការ ប្រាស់ឧបករណ៍បច្ចេកវិទ្យា សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ ដែលមាននៅក្នុងសារដែល មិនមានប្រភពច្បាស់លាស់ ដើម្បីចៀសវាងពីការទាញយកកម្មវិធីមេរោគ ឬការលួចយកទិន្នន័យផ្សេងៗ ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា