ក្រុមហ៊ុនបង្កើតកម្មវិធីហ្គេម Electronic Arts មិនបានកែសម្រួលភាពចន្លោះប្រហោង សំខាន់ៗមួយចំនួនទេ

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា Electronic Arts ដែលជាក្រុមហ៊ុនបង្កើតកម្មវិធី ហ្គេមល្បីៗជាច្រើនមានដូចជា Apex Legends, Battlefield, FIFA និង Madden ត្រូវបានរងការរិះគន់ពីក្រុមអ្នកស្រាវជ្រាវ ផ្នែកសុវត្ថិភាពបច្ចេកវិទ្យាបន្ទាប់ពី ក្រុមហ៊ុនមិនមានវិធានការ ក្នុងការកែតម្រូវភាពចន្លោះប្រហោងមួយចំនួន ដែលពួកគេបានរាយការណ៍ ទៅឱ្យក្រុមហ៊ុនតាំងពីខែធ្នូ ឆ្នាំ ២០២០។

ភាពចន្លោះប្រហោងនេះ ត្រូវបានពួកគេរកឃើញនៅក្នុង ការការគ្រប់គ្រងឈ្មោះគេហទំព័រ និងការកំណត់មិនបានត្រឹមត្រូវ មួយចំនួនទៀតនៅក្នុងប្រព័ន្ធ DNS។ បញ្ហានេះអាចឱ្យជនអនាមិក ទាញយកឈ្មោះគេហទំព័រទៅគ្រប់គ្រង ហើយពួកគេអាចបង្កើតគណនីអ៊ីមែល ក្លែងក្លាយដែលមើលទៅដូចគ្នានឹងអ៊ីមែលផ្លូវការរបស់ក្រុមហ៊ុន បន្ទាប់មកពួកគេអាចប្រើអ៊ីមែលនេះ ដើម្បីធ្វើការបោកបញ្ឆោតអ្នកប្រើប្រាស់ ឬបុគ្គលិករបស់ក្រុមហ៊ុនបាន។

ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍ទៅក្រុមហ៊ុន នូវឈ្មោះគេហទំព័រយ៉ាងហោចណាស់ចំនួន១០ ដែលអាចឱ្យជនអនាមិកទាញយកទៅគ្រប់គ្រង។ បើទោះបីជាក្រុមហ៊ុន EA បានបញ្ចាក់ថា ក្រុមហ៊ុននឹងធ្វើការទាក់ទងប្រសិនបើ ពួកគេត្រូវការព័ត៌មានបន្ថែម ប៉ុន្តែរហូតមកដល់បច្ចុប្បន្នពួកគេ មិនបានធ្វើការសួរនាំអ្វីនោះទេ ហើយជាងនេះទៅទៀត ពួកគេក៏មិនបានធ្វើការកែតម្រូវបញ្ហានេះផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុននេះក្រុមហ៊ុន ទើបតែធ្វើការកែសម្រួលភាព ចន្លោះប្រហោងមួយផ្សេងទៀត ដែលអាចឱ្យជនអនាមិកជ្រៀតចូល ទៅក្នុងគណនីរបស់អ្នកលេងហ្គេម ហើយអាចទាញយកទិន្នន័យសំខាន់ៗ មានដូចជាលេខប័ណ្ណឥណទាន បន្ទាប់ពីក្រុមហ៊ុនបានទទួល សេចក្ដីរាយការណ៍ពីក្រុមហ៊ុនផ្នែក ស្រាវជ្រាវសុវត្ថិភាពបច្ចេកវិទ្យា Check Point និង CyberInt នោះមក ៕