នាយករដ្ឋមន្រ្តីកម្ពុជា អវិជ្ជមានកូវីដ១៩ ក្រោយធ្វើចត្តាឡីស័ក១៤ថ្ងៃ

0

ភ្នំពេញ៖ ក្រោយធ្វើចត្តាឡីស័ក អស់រយៈពេល១៤ថ្ងៃ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបានយកសំណាកវិភាគ តេស្ដរកមេរោគកូវីដ១៩​ ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបានលទ្ធផល «អវិជ្ជមាន»។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានសរសេរយ៉ាង ដូច្នេះថា «ថ្ងៃនេះក្រុមគ្រូពេទ្យបានមកយកសំណាកខ្ញុំទៅធ្វើតេស្តជាលើកចុងក្រោយ បន្ទាប់ពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ លទ្ធផលពីមន្ទីរពិសោធន៍បានបញ្ជាក់ថា ខ្ញុំអវិជ្ជមានពីកូវីដ-១៩ ដែលខ្ញុំត្រូវបញ្ចប់ ការធ្វើចត្តាឡីស័កត្រឹមល្ងាចថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២១ នេះ»។

សម្ដេចបន្តថា ក្នុងចំណោមមេដឹកនាំអាស៊ាន ប្រហែលមានតែខ្ញុំម្នាក់ទេ ដែលធ្វើចត្តាឡីស័កច្រើនជាងគេ រហូតដល់ទៅ៣ដង ក្នុងរយៈពេល៨ខែ។ ខ្ញុំសង្ឃឹមថានឹងពុំមាន លើកទី៤ទៀតទេ។

សម្ដេចបញ្ចាក់ថា ដើម្បីធានាថាពុំមានលើកទី៤ មនុស្សដែលត្រូវជួបខ្ញុំ ត្រូវបានធ្វើតេស្ត ជាមុនយ៉ាងហោចណាស់ គឺការធ្វើតេស្តរហ័ស និងកាន់តែធានា សម្រាប់ទាំងអស់គឺការមិនជួបគ្នា ដោយផ្ទាល់និងជំនួស ដោយការជួបគ្នាតាមប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានវិញ៕