តោះស្វែងយល់ ពីមុខងារសំខាន់ៗមួយចំនួន ដែលក្រុមហ៊ុន Apple នឹងដាក់បញ្ចូលជាមួយកម្មវិធី iOS 15

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីម្សិលមិញនេះក្រុមហ៊ុន Apple បាន ប្រកាសនូវប្រព័ន្ធប្រតិបត្តិការ ជាច្រើនសម្រាប់ឧបករណ៍ បច្ចេកវិទ្យាមានដូចជា iPhone, iPad និង Apple Watch ជាដើមដែលនឹងត្រូវដាក់ ឱ្យប្រើប្រាស់នៅចុងឆ្នាំនេះ។

ដោយសារតែមានអ្នកប្រើប្រាស់ នៅក្នុងប្រទេសកម្ពុជាយើង ជាច្រើនកំពុងតែប្រើប្រាស់ទូរសព្ទ iPhone នោះ នាយកដ្ឋានសូមបង្ហាញនូវមុខងារសំខាន់ៗ មួយចំនួនដែលក្រុមហ៊ុន បានបន្ថែមទៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 15៖

១-សម្រាប់កម្មវិធីស្វែងរកឧបករណ៍ (Find My app) ក្រុមហ៊ុនបានបន្ថែមមុខងារ ដែលអាចឱ្យអ្នកប្រើប្រាស់ ដឹងអំពីទីតាំងចុងក្រោយ បើទោះបីជាទូរសព្ទរបស់ ពួកគេត្រូវបានបិទក៏ដោយ។ ម្យ៉ាងវិញទៀត ប្រសិនបើលោកអ្នកបានបើកប្រើមុខងារ Activation Lock កម្មវិធីនេះនឹងនៅតែអាច បន្តផ្ដល់ទីតាំងថ្មីបើទោះបីជា អ្នកដែលទទួលបានទូរសព្ទ របស់លោកអ្នកបានលុបចោលទិន្នន័យទាំងអស់ ដែលមាននៅក្នុងទូរសព្ទក៏ដោយ។

២-ប្រសិនបើលោកអ្នកកំពុង តែបង់លុយដើម្បីប្រើកម្មវិធី iCloud ក្រុមហ៊ុនបានបន្ថែមមុខងារ iCloud‌ Private Relay ដែលនឹងអ៊ីនគ្រីបរាល់ទិន្នន័យទាំងអស់ ដែលលោកអ្នកបញ្ជូនទៅ iCloud។ Apple នឹងប្រើក្រុមហ៊ុនឯកជនដើម្បីបង្កើត និងគ្រប់គ្រងអាសយដ្ឋាន IP បណ្ដោះអាសន្នក្នុងពេលបញ្ជូនទិន្នន័យ ដូច្នេះសូម្បីតែក្រុមហ៊ុន Apple ក៏ពុំបានដឹងអំពីអាសយដ្ឋាន IP នេះផងដែរ។ ប៉ុន្តែមុខងារនេះនឹងពុំមាន នៅក្នុងប្រទេសមួយចំនួនមានដូចជា China, Belarus, Colombia, Egypt, Kazakhstan, Saudi Arabia, South Africa, Turkmenistan, Uganda, និង Philippines ដោយសារតែច្បាប់របស់ប្រទេសទាំងនោះ។

៣-ជាមួយ iOS 15 លោកអ្នកអាចប្រើកម្មវិធី FaceTime ដើម្បីធ្វើការទំនាក់ទំនងបានយ៉ាងទូលំទូលាយជាងមុន បើទោះបីជាអ្នកប្រើប្រាស់ខ្លះ ពុំមានប្រើឧបករណ៍របស់ក្រុមហ៊ុន Apple ដោយលោកអ្នកគ្រាន់តែបង្កើត តំណភ្ជាប់ហើយពួកគេ អាចចូលរួមបានតាមរយៈ web browser។

៤-ប្រសិនបើលោកអ្នកកំពុងតែប្រើទូរសព្ទ iPhone ដែលមានប្រព័ន្ធប្រតិបត្តិការ iOS 14 ហើយលោកអ្នកពុំមានបំណង ចង់ធ្វើបច្ចុប្បន្នភាពកម្មវិធីទៅជំនាន់ iOS 15 នោះ លោកអ្នកអាចបន្តប្រើប្រព័ន្ធ ប្រតិបត្តិការចាស់បាន ហើយក្រុមហ៊ុន Apple នឹងបន្តផ្ដល់ការធ្វើបច្ចុប្បន្នភាព កម្មវិធីទាក់ទងទៅនឹងសុវត្ថិភាព របស់ប្រព័ន្ធប្រតិបត្តិការនេះ ៕