Google តែងតែព្យាយាមលាក់មុខងារ សម្រាប់បិទការតាមដានទីតាំង (Location tracking) ពីអ្នកប្រើប្រាស់

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវតែងតែព្រមាន អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្ន ជាមួយនឹងមុខងារតាមដានទីតាំងរបស់ទូរសព្ទ ជាពិសេសសម្រាប់ទូរសព្ទ ដែលមានប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google ព្រោះក្រុមហ៊ុននេះតែងតែព្យាយាម ទាញយកទីតាំងនិងទិន្នន័យរបស់អ្នកប្រើប្រាស់ ដ៏ច្រើនលើសលប់បើប្រៀបធៀបទៅនឹង ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS របស់ក្រុមហ៊ុន Apple។

បើតាមការបំភ្លឺនៅក្នុងសវនាការមួយនៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក បានបង្ហាញថា អ្នកប្រើប្រាស់ស្ទើរតែមិនអាចចៀសវាង ពីការតាមដានទាញយកទីតាំងពីក្រុមហ៊ុន Google ដោយសារតែភាពស្មុគស្មាញ ក្នុងការផ្លាស់ប្ដូរការកំណត់ ដែលសូម្បីតែលោក Jen Chai ដែលជាបុគ្គលិកជាន់ខ្ពស់ទទួលបន្ទុក ផ្នែកតាមដានទីតាំងរបស់ក្រុមហ៊ុន ក៏មិនយល់ច្បាស់អំពីមុខងារ កំណត់ការតាមដានទីតាំងនេះទៀតផង។

ក្រុមហ៊ុន Google នៅតែអាចបន្តទាញយកទីតាំង របស់អ្នកប្រើប្រាស់ទោះបីជាពួកគេ បានបិទការតាមដានទីតាំង ហើយថែមទាំងបានបង្កប់មុខងារ សម្រាប់បិទទីតាំងយ៉ាងសម្ងាត់ ដើម្បីចៀសវាងអ្នកប្រើប្រាស់ អាចចូលទៅបិទមុខងារនេះបាន។ ជាងនេះទៅទៀតក្រុមហ៊ុន Google ក៏បានដាក់សម្ពាធទៅលើក្រុមហ៊ុន ផលិតទូរសព្ទមានដូចជាក្រុមហ៊ុន LG ដើម្បីឱ្យពួកគេជួយក្នុងការ លាក់មុខងារតាមដានទីតាំងផងដែរ ៕