ក្រុមអ្នកវាយប្រហារ បានធ្វើការផ្លាស់ប្ដូរសារធាតុគីមី នៅក្នុងអាងចម្រោះទឹកស្អាត នៅក្នុងទីក្រុងមួយរបស់អាមេរិក

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា អាជ្ញាធរនៅទីក្រុង Oldsmar នៃរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីម្សិលមិញនេះបានធ្វើ សេចក្ដីរាយការណ៍ទាក់ទងទៅនឹង ជនអនាមិកដែលបានធ្វើការ វាយប្រហារទៅលើ ប្រព័ន្ធកុំព្យូទ័ររបស់ទីតាំង អាងចម្រោះទឹកស្អាតមួយកន្លែង។

ការវាយប្រហារបានកើតឡើង ចំនួនពីរលើកនៅថ្ងៃទី ៥ខែកុម្ភៈកន្លងទៅនេះ។ លើកទីមួយក្រុមជនអនាមិក បានចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រនៅម៉ោង ៨ព្រឹក ប៉ុន្តែពួកគេបាននៅក្នុងប្រព័ន្ធកុំព្យូទ័រតែរយៈពេល ១ទៅ២វិនាទីតែប៉ុណ្ណោះ។ ការជ្រៀតចូលលើកទីពីរបានកើតឡើងនៅម៉ោង ១ និង៣០នាទីរសៀល ហើយពួកគេបានចំណាយពេល៥នាទី និងបានធ្វើការផ្លាស់ប្ដូរការកំណត់មួយចំនួន នៅក្នុងប្រព័ន្ធកុំព្យូទ័រដោយបន្ថែមនូវសារធាតុគីមី Sodium hydroxide ចំនួន ១១១ដងច្រើនជាងការកំណត់ ដែលនេះអាចធ្វើឱ្យប៉ះពាល់ ដល់សុខភាពរបស់អ្នកប្រើប្រាស់។

ទោះបីជាយ៉ាងណាក្ដី អាជ្ញាធរក៏បានប្រាប់ឱ្យដឹងផងដែរថា ពួកគេបានចាត់វិធានការទាន់ពេលវេលា ដោយធ្វើការផ្លាស់ប្ដូរចំនួនសារធាតុគីមី ឱ្យមានការកំណត់ដូចដើម ហើយក៏ពុំមានទឹកដែលមានសារធាតុគីមី លើសកំណត់ត្រូវបានផ្ដល់ទៅឱ្យអ្នកប្រើប្រាស់នោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៥ ក៏មានការវាយប្រហារទៅលើ ទីតាំងអាងចម្រោះទឹកមួយទៀត នៅសហរដ្ឋអាមេរិកផងដែរ ប៉ុន្តែពេលនោះជនអនាមិក ពុំមានចំណេះដឹងក្នុងការផ្លាស់ប្ដូរ សារធាតុគីមីដូចពេលនេះទេ ៕