ក្រុមហ៊ុន Apple កំពុងសាកល្បងឲ្យអ្នកប្រើប្រាស់ អាចបើកសោទូរស័ព្ទជាមួយ នឹងនាឡិកាវៃឆ្លាត Apple Watch

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ដើម្បីងាយស្រួលក្នុងការបើកសោទូរស័ព្ទ ក្រុមហ៊ុនភាគច្រើនបានប្រើទិន្នន័យជីវមាត្រ (Biometrics) មានដូចជាក្រយ៉ៅម្រាមដៃ និងផ្ទៃមុខជាដើម ដើម្បីបញ្ជាក់អត្តសញ្ញាណ ក្នុងការចូលប្រើប្រាស់ទូរស័ព្ទ។

សម្រាប់ក្រុមហ៊ុន Apple វិញនោះ ចាប់តាំងពីឆ្នាំ ២០១៧ ក្រុមហ៊ុនបានងាកមកប្រើ ផ្ទៃមុខដើម្បីបើកសោទូរសព្ទ ប៉ុន្តែដោយសារអ្នកប្រើប្រាស់ជាច្រើន នាពេលបច្ចុប្បន្នតម្រូវឱ្យពាក់ម៉ាស ដើម្បីការពារពីការឆ្លងនៃមេរោគកូវីដ១៩នោះ បានធ្វើឱ្យពួកគេមានការលំបាក ក្នុងការបើកសោទូរសព្ទ ព្រោះវាតម្រូវឱ្យពួកគេវាយ បញ្ចូលលេខសម្ងាត់វិញ។

ដើម្បីសម្រួលដល់ការប្រើប្រាស់ របស់លោកអ្នកដែលត្រូវពាក់ម៉ាសនោះ ក្រុមហ៊ុន Apple កំពុងតែសាកល្បងមុខងារ បើកសោជាមួយនឹងទូរស័ព្ទវៃឆ្លាត ក្នុងប្រព័ន្ធប្រតិបត្តិការ iOS 14.5។ មុខងារបើកសោនេះគឺវា ស្រដៀងគ្នាទៅនឹងការបើកសោ ដែលក្រុមហ៊ុនកំពុងតែប្រើជាមួយនឹងកុំព្យូទ័រ Mac ដែរ។ នៅពេលដែលទូរសព្ទត្រូវបានបើកសោ នាឡិការបស់លោកអ្នកនឹងញ័រ ជាការជូនដំណឹងថាទូរសព្ទត្រូវបានបើកសោ ជាងនេះទៅទៀតវាក៏ផ្ដល់ជម្រើសសម្រាប់ លោកអ្នកអាចចាក់សោរទូរសព្ទវិញបាន ប្រសិនបើអ្នកដទៃព្យាយាមបើកសោទូរសព្ទនោះ ។

គួរបញ្ជាក់ផងដែរថាមុខងារនេះ គឺប្រើសម្រាប់តែបើកសោទូរសព្ទប៉ុណ្ណោះ ហើយលោកអ្នកមិនអាចប្រើសម្រាប់ បញ្ជាក់អត្តសញ្ញាណជាមួយនឹង Apple Pay ឬ App Store បានទេ។ នាយកដ្ឋាននិងបង្ហាញពីការប្រើប្រាស់ មុខងារនេះជាលម្អិតនៅពេលដែលក្រុមហ៊ុន Apple ដាក់ឱ្យប្រើប្រាស់មុខងារនេះជាផ្លូវការ ៕