សម្ដេចតេជោ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ជាច្រើនរូប មិនទាន់អាចចាក់វ៉ាក់សាំងកូវីដ១៩បានទេ ដោយសារអាយុលើសកំណត់

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ជាច្រើនរូបទៀត មិនទាន់អាចចាក់វ៉ាក់ការពារកូវីដ១៩ បានទេ ដោយសារមានអាយុលើសការកំណត់ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៥ កុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចទើបបានទទួលព័ត៌មាន តាមរយៈក្រសួងសុខាភិបាលដែលបាន ទទួលលិខិតផ្លូវការពីការិយាល័យ នៃទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រចាំស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ជាក់ថា វ៉ាក់សាំងឈ្មោះ ស៊ីណូហ្វាម (Sinopharm) ចាក់បានតែមនុស្សមានអាយុពី ១៨ឆ្នាំទៅ៥៩ឆ្នាំតែប៉ុណ្ណោះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា «សម្រាប់ខ្ញុំដែលមានអាយុជាង ៦៨ឆ្នាំទៅហើយ មិនទាន់អាចចាក់បានទេ។ ដូចនេះគម្រោងចាក់វ៉ាក់សាំងដែលគ្រោង ចាក់នៅថ្ងៃទី១០ កុម្ភៈ ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ នឹងត្រូវលុបចោល អាស្រ័យដោយទាំងខ្ញុំទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ភាគច្រើនមានអាយុលើសពី ៦០ឆ្នាំទៅហើយ មិនអាចចាក់បានទេ» ។

សម្ដេចបន្ថែមថា សម្រាប់កម្មវិធីចេញទៅទទួលជំនួយវ៉ាក់សាំង នៅព្រលានយន្តហោះ នាល្ងាចថ្ងៃ៧ កុម្ភៈ គឺរក្សាទុកដដែល ៕