Home បច្ចេកវិទ្យា ប្រយ័ត្ន! ជនខិលខូច កំពុងប្រើប្រាស់ Facebook និងTelegram ដើម្បីផ្ញើសារបោកបញ្ឆោតលោកអ្នក ថាឈ្នះរង្វាន់

ប្រយ័ត្ន! ជនខិលខូច កំពុងប្រើប្រាស់ Facebook និងTelegram ដើម្បីផ្ញើសារបោកបញ្ឆោតលោកអ្នក ថាឈ្នះរង្វាន់

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ក្នុងរយៈពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមានការកើនឡើង នូវការទទួលបានសារទាក់ទង នឹងការឈ្នះរង្វាន់តាមបណ្ដាញ ទំនាក់ទំនងសង្គមដូចជា Telegram និងហ្វេសប៊ុក។ ជាឧទាហរណ៍ មានអ្នកប្រើប្រាស់មួយចំនួន ទទួលបានសារដែលមានខ្លឹមសារថា “ខ្ញុំទើបតែបានឈ្នះរង្វាន់ដោយឥតគិតថ្លៃមួយ ដោយគ្រាន់តែឆ្លើយសំណួរមួយចំនួន! អ្នកគប្បីធ្វើវាឥឡូវនេះ គឺមុនពេលដែលកម្មវិធី ផ្ដល់រង្វាន់បានបញ្ចប់ទៅ!”។

បើតាមការស្រាវជ្រាវរបស់នាយកដ្ឋាន សារទាំងអស់នេះគឺជាសារបោកបញ្ឆោត ហើយវាគឺជាល្បិចរបស់ពួកក្រុមជនខិលខូច ដើម្បីលួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់។ នៅពេលខ្លះទៀតនោះ ពួកគេនឹងទាមទារឱ្យលោកអ្នកធ្វើការ បង់ប្រាក់បន្តិចបន្តួចដើម្បីឱ្យលោក អ្នកមានការជឿជាក់ ប៉ុន្តែនេះជាល្បិចដើម្បីបោកបញ្ឆោតយកប្រាក់កាស ឬដើម្បីលួចយកលេខប័ណ្ណឥណទាន របស់លោកអ្នកទៀតផង។

ការបោកបញ្ឆោតដោយអះអាងថា ឈ្នះរង្វាន់មានដូចជាកុំព្យូទ័រនិងទូរសព្ទដៃតាមរយៈកម្មវិធី Telegram ដែលមានឈ្មោះថា Classiscam បានរីករាលដាលយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅក្នុងសហភាពអឺរ៉ុប ប៉ុន្តែល្បិចនៃការបោកបញ្ឆោតនេះ ត្រូវបានចាប់ផ្តើមឡើងនៅក្នុង ប្រទេសរុស្ស៊ីកាលពីឆ្នាំ២០១៩។ បច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា មានជនខិលខូចចំនួន ៥ពាន់នាក់ដែលកំពុងតែប្រើប្រាស់វិធីនេះ ដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់។

នាយកដ្ឋានសូមណែនាំ ដល់អ្នកប្រើប្រាស់ទាំងអស់ កុំជឿលើការឈ្នះរង្វាន់ ដែលផ្សព្វផ្សាយតាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមណាមួយនោះ ព្រោះភាគច្រើនវាគឺជាការបោកបញ្ឆោត។ សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ ឬធ្វើការចែកចាយបន្ត ដែលនាំឱ្យខាតបង់ពេលវេលា ឬប្រាក់កាសរបស់លោកអ្នកតែប៉ុណ្ណោះ ៕

Previous articleពលករខ្មែរមកពីថៃ ៧នាក់ទៀតឆ្លងកូវីដ១៩ ខណៈមានអ្នកជំងឺ ៦នាក់ជាសះស្បើយ
Next articleមិនរាងចាល! ទើបចេញពីគុកជិត១អាទិត្យ ត្រូវសមត្ថកិច្ចចាប់ខ្លួនម្តងទៀត ដោយសារ វាយបំផ្លាញ ទ្រព្យសម្បត្តិបងបង្កើត