ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្លាប់ជាប់ពន្ធនាគាររយៈពេលជិត១ឆ្នាំ ពីបទបង្កឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ហើយទើបរួចទោស ចេញបានជិត១សប្តាហ៍ បានបង្កឲ្យខូចខាតម៉ូតូ ផ្ទះ និងរថយន្តបង បង្កើតរួចរត់គេចខ្លួន ត្រូវបានកម្លាំង នគរបាលស្រុកភ្នំស្រុក ស្រាវជ្រាវចាប់ឃាត់ខ្លួនបាន បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត ។
លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនបង្កឈ្មោះ រីក រួន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិគោកចាស់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជននេះធ្លាប់បានជាប់គុក រយៈពេលជិត០១ឆ្នាំ ពីបទបង្កឲ្យខូចខាតទ្រព្យសម្បត្តិ អ្នកដទៃ(ផឹកស្រាស្រវឹង ដុតម៉ូតូបងប្អូនជីដូនមួយ) ។ នៅវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ជននេះបានផឹកស្រាស្រវឹង ហើយបានមករកបងប្អូន ដោយសួររកអ្នកដែលបានប្តឹងខ្លួន ឲ្យនគរបាលចាប់ខ្លួនដាក់គុក ។
បន្ទាប់មកជននេះ បានធ្វើសកម្មភាពយកដំបង ឈើវាយបំផ្លាញម៉ូតូ វាយឡាន វាយកញ្ចក់ទ្វារផ្ទះ កញ្ចក់បង្អូចផ្ទះ របស់ឈ្មោះ រីក សំរឿង ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាបងបង្កើត នៅភូមិគោកចាស់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បណ្តាលបែកបាក់ខូចខាតអស់ រួចហើយរត់គេចខ្លួន ។
លោកអធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំណាំតៅ បានចុះស្រាវជ្រាវ ឈានដល់ចាប់ឃាត់ខ្លួន ជនបង្កឈ្មោះ រីក រួន ដែលរត់ទៅសំងំលាក់ខ្លួន នៅផ្ទះម្តាយបង្កើតរបស់គេ ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ រីក រួន ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕