នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា នៅក្នុងយុគសម័យបច្ចេកវិទ្យា បានធ្វើឱ្យការចែកចាយ ព័ត៌មានឬដែលគេហៅ តាមភាសាអង់គ្លេសថាស៊ែរនោះ (Share) កាន់តែងាយស្រួលនិងឆាប់រហ័ស ប៉ុន្តែភាពងាយស្រួលនេះ ក៏បង្កឱ្យមានផលវិបាកផ្សេងៗទៀត ដូចជាការចែកចាយព័ត៌មាន មិនពិតដែលនាំឱ្យប៉ះពាល់ដល់សង្គម ឬការចែកចាយព័ត៌មាន និងទីតាំងផ្ទាល់ខ្លួនដែលអាចឱ្យជនខិលខូច យកព័ត៌មានទាំងនោះទៅប្រើប្រាស់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សុវត្ថិភាពរបស់អ្នកប្រើប្រាស់ទៅវិញ ។
ជាឧទាហរណ៍នៅពេលថ្មីៗនេះ អ្នកស្រាវជ្រាវសុវត្ថិភាពបច្ចេកវិទ្យាលោក Ahmed Hassan បានបង្ហាញពីភាពគ្រោះថ្នាក់ ក្នុងការប្រើប្រាស់មុខងារ “People Nearby” របស់កម្មវិធីទំនាក់ទំនងសង្គម Telegram ដែលអាចឱ្យជនខិលខូចដឹង ពីទីតាំងពិតប្រាកដរបស់លោកអ្នកបាន។
លោកបានបញ្ជាក់ថា “ប្រសិនបើលោកអ្នកបើកប្រើមុខងារនេះ គឺវាដូចគ្នានឹងលោកអ្នកផ្សព្វផ្សាយ អាសយដ្ឋានឬទីតាំងរបស់លោកអ្នក នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ហើយអ្នកប្រើប្រាស់ភាគច្រើន ពុំបានដឹងអំពីបញ្ហានេះទេ”។
សម្រាប់លោកអ្នកដែល ពុំដែលស្គាល់ឬប្រើមុខងារ “People Nearby” នោះ មុខងារនេះគឺដើម្បីអាចឱ្យ អ្នកប្រើប្រាស់ធ្វើការទំនាក់ទំនងជាមួយនឹង អ្នកប្រើប្រាស់ដទៃទៀតដែលនៅក្បែរខ្លួន ឬដើម្បីស្វែងរកការពិភាក្សាជាក្រុម ប៉ុន្តែដើម្បីសុវត្ថិភាពរបស់លោកអ្នក នាយកដ្ឋានសូមឱ្យលោកអ្នកគួរតែបិទ ការប្រើប្រាស់មុខងារនេះប្រសិនបើពុំមានការចាំបាច់។
គួររំលឹកផងដែរថា នាយកដ្ឋានធ្លាប់បានធ្វើការណែនាំ អ្នកប្រើប្រាស់រួចមកហើយ ឱ្យបិទមុខងារតាមដានទីតាំង ជាមួយកម្មវិធីណាដែលពុំ មានការចាំបាច់ក្នុងការបញ្ជាក់ទីតាំង។ ម្យ៉ាងវិញទៀតសម្រាប់លោកអ្នក ដែលប្រើប្រាស់ទូរសព្ទ iPhone ដែលមានប្រព័ន្ធប្រតិបត្តិការ iOS 14 លោកអ្នកក៏អាចបិទមិនឱ្យកម្មវិធីដឹង ពីទីតាំងពិតប្រាកដរបស់លោកអ្នកបាន (គ្រាន់តែដឹងទីតាំងប្រហាក់ប្រហែល) ដោយគ្រាន់តែចូលទៅក្នុង Settings ហើយជ្រើសយកកម្មវិធីណាមួយ ដែលលោកអ្នកចង់បិទវា៕