ភ្នំពេញ៖ យើងដឹងហើយថាកម្មវិធី TikTok គឺជាកម្មវិធីដ៏ពេញនិយមមួយ នៅលើបណ្តាមសង្គម ជាពិសេសសម្រាប់ក្មេងៗ ប៉ុន្តែនៅពេលថ្មីៗនេះកម្មវិធី TikTok មានការចាប់អារម្មណ៍ខ្លាំង ពីអ្នកប្រើប្រាស់ ក្រោយពីកម្មវិធីនេះ ត្រូវបានបិទ ដោយរដ្ឋាភិបាលឥណ្ឌា ហើយមិនត្រឹមតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ក៏កំពុងតែដាក់សម្ពាធឱ្យក្រុមហ៊ុន ByteDance លក់កម្មវិធី TikTok ទៅឱ្យក្រុមហ៊ុនណាមួយ របស់អាមេរិកផងដែរ។
នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានពន្យល់ថាដោយសារតែ មានភាពពេញនិយមនេះហើយ ដែលជនឆ្លៀតឱកាសមួយចំនួន បានបន្លំបង្កើតកម្មវិធី បោកប្រាស់ ដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម ឬបន្លំយកប្រាក់ កាសពីអ្នកប្រើប្រាស់។
ជាក់ស្តែងកាលពីថ្ងៃទី២២ ខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុនសន្តិសុខ Avast បានរកឃើញថា មានប្រូហ្វាល ល្បីៗចំនួនបីនៅក្នុងកម្មវិធី TikTok ដែលមានអ្នកតាមដានជាង ៣៥០,០០០នាក់ បានផ្សព្វផ្សាយនិងចែកចាយ កម្មវិធីបោកប្រាស់ជាច្រើន ហើយកម្មវិធីនេះត្រូវបានទាញយក ច្រើនជាង ២,៤០០,០០០ដង ព្រមទាំងបានធ្វើឱ្យ មានការចាញ់បោក អស់ទឹកប្រាក់ច្រើនជាង ៥០០,០០០ដុល្លារ រួចមកហើយដែរ។
ការរកឃើញនេះ ក្រោយពីក្រុមហ៊ុន Avast បានទទួលសេចក្តីរាយការណ៍ ពីក្មេងស្រី អាយុ ១២ឆ្នាំម្នាក់ នៅសារធារណរដ្ឋឆែក ដែលជួបនឹងបញ្ហានេះ។ ក្រុមអ្នកសន្តិសុខ បានរកឃើញយ៉ាងហោចណាស់ មានគណនី TikTok ចំនួន៣ ដែលកំពុងផ្សព្វផ្សាយ ពាណិជ្ជកម្ម ដែលមានឈ្មោះអ្នកប្រើដូចជា 7odestar, Dejavuuu.es3 និង Marina90lazina។ កម្មវិធីទាំងនេះបានក្លែងបន្លំជាកម្មវិធី ល្បែងកំសាន្ត តន្ត្រី ឬជាកម្មវិធីសម្រាប់ប្តូររូបភាពលើអេក្រង់ (wallpaper) ប៉ុន្តែបន្ទាប់ពីអ្នកប្រើប្រាស់ បានទាញយកកម្មវិធី ពួកគេនឹងទាមទារឱ្យបង់ប្រាក់ពី ២ដុល្លារ ទៅ ១០ដុល្លារ ដើម្បីប្រើមុខងារផ្សេងៗ តែតាមការពិតមុខងារទាំងនោះគឺពុំមាននៅក្នុងកម្មវិធីនោះទេ។
នេះជាករណីដែលគួរឱ្យ ព្រួយបារម្ភណាស់ ជាពិសេសកម្មវិធីនេះត្រូវបានផ្សព្វផ្សាយ នៅលើប្រព័ន្ធបណ្តាញសង្គម ដែលពេញនិយមក្នុងចំណោមក្មេងៗ ដែលពួកគេមិនទាន់ចេះដឹង ពីគ្រោះថ្នាក់របស់វានោះនៅឡើយ។ ដើម្បីការពារខ្លួន អ្នកពីកម្មវិធីបោកប្រាស់ទាំងនេះ សូមប្រយ័ត្នចំពោះ អ្វីដែលត្រូវបានផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ឬ តាមរយៈសារផ្សេងៗ។
ដូចគ្នានេះដែរ សូមអានការណែនាំ ពីកម្មវិធីឱ្យបានច្បាស់លាស់ ជាមុនសិនមុននឹងធ្វើការ ទាញយកកម្មវិធីទាំងនោះ។ បច្ចុប្បន្នក្រុមហ៊ុន Apple បានលុបចោលកម្មវិធីទាំងនេះ ចេញពីកម្មវិធី App Store របស់ពួកគេរួចហើយ ៕