ទោះបីកំពុង ជួបវិបត្តិកូវីដ១៩ តែមន្រ្តីជាន់ខ្ពស់ ក្រសួងសុខាភិបាល ប្រាប់ក្រុមធុរកិច្ចអាមេរិក ដែលកំពុងវិនិយោគនៅកម្ពុជា កុំមានការព្រួយបារម្ភឡើយ

0

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានស្នើឱ្យក្រុមហ៊ុនអាមេរិក មកធ្វើការវិនិយោគ លើវិស័យសុខាភិបាល នៅកម្ពុជាបន្ថែមទៀតទោះបីជាជំងឺរាតត្បាតកូវីដ១៩ បាននិងកំពុងបង្កការលំបាក ជាច្រើនដល់កិច្ចដំណើរការនៃការងារសង្គមនិងសេដ្ឋកិច្ចក៏ដោយសូមកុំមានការព្រួយបារម្ភឲ្យសោះ ។នេះបើយោងតាមក្រសួងសុខាភិបាល។

ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ រវាងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០លោកស្រីរដ្ឋលេខាធិការ មានប្រសាសន៍ថា បើទោះបីជាពិភពលោកកំពុងជួបវិបត្តិ ដោយសារតែជំងឺកូវីដ-១៩ ដែលរុញអោយសេដ្ឋកិច្ចពិភពលោក ធ្លាក់ចុះយ៉ាងណាក្ដី សូមធុរជន អាមេរិក ដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា កុំមានការព្រួយបារម្ភ ក្នុងគ្រាដែលរាជរដ្ឋាភិបាលកម្ពុជា មិនបន្ថយល្បឿន នៃការធ្វើកំណែទម្រង់ផ្សេងៗ និងប្រព័ន្ធលើកទឹកចិត្តថ្មីៗនៅក្នុងកិច្ចអភិវឌ្ឍន៌សង្គម ។ ទោះបីជាជំងឺរាតត្បាតកូវីដ-១៩ បាននឹងកំពុងបង្កការលំបាក ជាច្រើនដល់កិច្ចដំណើរការនៃការងារសង្គម និងសេដ្ឋកិច្ច ក៏ប៉ុន្តែក្រសួងសុខាភិបាលមិនបន្ថយល្បឿននៃការងារកំណែទម្រង់ ការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការលើកកកម្ពស់គុណភាពសេវាសុខាភិបាលដែរ។

លោកស្រីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហអាមេរិក ក៏ដូចជាក្រុមហ៊ុនមួយចំនួន ដែលមានកិច្ចសហប្រតិបតិ្តការ ជាមួយក្រសួងសុខាភិបាល បានយ៉ាងល្អប្រសើរ ដែលកន្លងមក បានជួយដល់វិស័យសុខាភិបាលជាច្រើន ជាពិសេស ក្នុងកាលៈទេសៈដែលយើងបាន និងកំពុងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។

លោកស្រី បានគូសបញ្ជាក់ជម្រាបអង្គប្រជុំថា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ កម្ពុជា មានអ្នកឆ្លងមេរោគកូវីដ១៩ ចំនួន២៧៥ករណី ហើយមានតែ ០១ករណី ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល នៅមនី្ទរពេទ្យមិត្តភាព ខ្មែរ-សូវៀត និងមិនមានករណីស្លាប់ ដោយសារជំងឹកូវីដ-១៩ នោះទេ។ ដោយឡែក ក្រសួងសុខាភិបាល ក៏មិនទាន់ឃើញមានការចម្លង នៃវីរុសដ៏កាចសាហាវនេះ ចូលក្នុងសហគមន៍នៅឡើយដែរ។ ការគ្រប់គ្រង និងការឆ្លើយតប ទៅនឹងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព គួរជាទីមោទនៈនេះ គឺបានមកដោយសារការដឹកនាំ ដ៏ឈ្លៀសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំ និងដាក់ចេញនូវវិធានការណ៍ នានា បានទាន់ទាន់ពេលវេលា និងការចូលរួមយ៉ាងសស្រាក់សស្រាំរបស់អាជ្ញាធរ ថ្នាក់ក្រោមជាតិ និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លើសពីនេះ លោកស្រីបានលើកទឹកចិត្ត ដល់វិនិយោគិនអាមេរិកទាំងអស់ ធ្វើអាជីវកម្មរបស់ខ្លួន ដោយអនុលោម តាមច្បាប់ដែលមានជាធរមាន នៅកម្ពុជា ដើម្បីផ្តល់ជូនប្រជាជនកម្ពុជា នូវផលិតផល និងសេវាសុខភាព ដែលមានគុណភាព និងចូលរួមប្រយុទ្ធប្រឆាំង នឹងឱសថក្លែងក្លាយ និងអន់គុណភាព ជាមួយក្រសួងសុខាភិបាល ដែលជាកិច្ចការអាទិភាពមួយ ក្នុងចំណោមអាទិភាពដ៏ច្រេីន ក្រោមការចង្អុលបង្ហាញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ជាមួយគ្នានោះផងដែរលោកស្រី ក៏បានស្នើឲ្យតំណាងក្រុមហ៊ុន ទាំងអស់ជួយផ្សព្វផ្សាយបន្ត អំពីកិច្ចខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ ភាពប្រកួតប្រជែងរបស់កម្ពុជា និងជួយទាក់ទាញ វិនិយោគិនអាមេរិក មកធ្វើការវិនិយោគ លើវិស័យសុខាភិបាល បន្ថែមទៀតនៅកម្ពុជា ជាពិសេសលើផ្នែក បង្កើនសមត្ថភាព របស់មន្ទីរពេទ្យ ការបណ្តុះបណ្តាល និងការធ្វេីទំនេីបកម្មបច្ចេកវិទ្យា សុខាភិបាល តាមបែបឌីជីថល៕