សប្តាហ៍ចុងក្រោយព័ត៌មានចចាមអារ៉ាម អំពីការផ្ទេរមកលេងនៅអង់គ្លេស ជាពិសេសជាមួយនឹងក្លឹបតោខៀវ Chelsea របស់កីឡាករប្រេស៊ីល Phillipe Coutinh oនោះគឺកាន់តែខ្លាំងឡើងៗ ក្រោយពេលដែល Barcelona និង Bayern Munich និងក្លឹបផ្សេងទៀត បានបដិសេធមិនព្រមទទួលកីឡាកររូបនេះឡើយ។
កុងត្រាខ្ចីជើងដែលកំពុងមានជាមួយនឹង Bayern Munich នឹងត្រូវបញ្ចប់នៅត្រឹមចុងក្រោយរដូវកាលនេះហើយ ប៉ុន្តែមានការអះអាងថ្មីចុងក្រោយមួយថា កីឡាករវ័យ២៧ឆ្នាំរូបនេះ នឹងបដិសេធមិនព្រមមកលេងអង់គ្លេសឡើយ ដោយសារតែបារម្ភអំពីបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន និងក៏ដូចជាចំពោះគ្រួសារផងដែរ។
Darren Bent អតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Sunderland, Aston Villa និង Liverpool ផងនោះបានលើកឡើងថា Coutinho នឹងបដិសេធមិនមកលេងអង់គ្លេសឡើយ ដោយសារបញ្ហាសុវត្ថិភាព ប៉ុន្តែបែរជាបញ្ជាក់ថាលើកលែងតែក្លឹប Everton ប៉ុណ្ណោះដែលអាចធានាបញ្ហានេះ ដល់វត្តមានរបស់គេ នៅលីគអង់គ្លេសបាន។
Bent និយាយថាពិតជាគួរឲ្យអាណិត Coutinho ណាស់ដោយត្រូវក្លឹប Barcelona និង Bayern Munich រុញចុះរុញឡើងឲ្យគ្នា ប៉ុន្តែមិនមានអ្នកចង់បានកីឡាករតម្លៃ ១៤២លានផោន កាលពីឆ្នាំ២០១៨រូបនេះឡើយ ទោះបីជា Barcelona ទំលាក់តម្លៃមកត្រឹម ១១០លានផោនក្តី៕
ប្រែសម្រួល៖Lee