សហព័ន្ធបាល់ទាត់កម្ពុជាបានប្រកាសអំពីកីឡាករល្អប្រចាំខែ កុម្ភៈ នាពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ នារដូវកាល២០២០ ដោយបានលើកីឡាករនីហ្សេរីយ៉ា Timothy របស់ក្លិបបាល់ទាត់ ភ្នំពេញក្រោន ថ្មីៗនេះ ខណៈដែលរូបគេសន្យាខិតខំប្រឹងបន្តទៀតដើម្បីជោគជ័យជាមួយមិត្តរួមក្រុម។

ខ្សែប្រយុទ្ធមាឌធំរូបនេះបាននិយាយថា៖ « វាពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ ដែលខំប្រឹងធ្វើការហ្វឹកហាត់ខ្លាំងជាមួយភ្នំពេញក្រោន និងជួយមិត្តរួមក្រុមក្នុងការទទួលបានជ័យជម្នះ ។ ខ្ញុំសប្បាយចិត្ត និងរំភើបដែលទទួលបានពានមួយនេះ ខ្ញុំនឹងខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំងបន្ថែមទៀត » ។ ក្នុងការប្រគល់ពាននេះដែរលោក ស៊ុំ វណ្ណា ដែលជាគ្រូបង្គោល ភ្នំពេញក្រោន ក៏បានឈ្នះពានគ្រូល្អប្រចាំខែ កុម្ភៈ នេះដូចគ្នា ដោយការដឹងនាំ ៥ ប្រកួតក្នុងលីគមិនទាន់របូតគ្រាប់បាល់ នឹងមិនទាន់ស្គាល់បរាជ័យឡើយ។
គួរបញ្ជាក់ផងដែរថា អតីតកីឡាករ អង្គរថាយហ្គឺររូបនេះ ទើបផ្លាស់មក ភ្នំពេញក្រោន នារដូវកាល២០២០ នេះប៉ុណ្ណោះ ខណៈការបង្ហាញខ្លួនបានយ៉ាងល្អ នឹងកំពុងឈរកំពូលតារាងអ្នកទាត់បាល់បញ្ចូលទីច្រើនជាងគេ ពោលគឺមាន ៧ គ្រាប់ក្នុងដៃ ស្របពេលដែលលីគទើបចាប់ផ្តើមបាន ៥ សប្តាហ៍៕

