ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ បានយកឈ្នះលើក្រុមជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម ១៩ឆ្នាំ ជាលទ្ធផល ៣ទល់០ ក្នុងព្រឹត្តិការណ៍ JENESYS 2019 Japan-ASEAN U-19 Men’s Football Tournament មុននេះបន្តិច នាប្រទេសជប៉ុន។
ព្រឹត្តិការណ៍ខាងលើនេះ មានប្រទេសចំនួន ៦ ចូលរួមប្រកួត រួមមានម្ចាស់ផ្ទះជប៉ុន ៣ក្រុម ( U-17 ជប៉ុន, Kagoshima United U-18 និង Kagoshima Selection U-18 ) ខណៈដែលក្រុមមកពីអាស៊ីអាគ្នេយ៍មាន ៥ ប្រទេស រួមមាន៖ កម្ពុជា, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, ឡាវ និងទីម័រខាងកើត។ សម្រាប់កម្ពុជា ស្ថិតនៅពូល B រួមជាមួយក្រុម ជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ ទីម័រខាងកើត, ជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ មីយ៉ាន់ម៉ា និងក្រុមរបស់ជប៉ុន Kagoshima United U-18។
គួរបញ្ជាក់ផងដែរថា ក្រោយពីបានបំពេញភារកិច្ច ៣ប្រកួត នាប្រទេសជប៉ុន U-19 កម្ពុជា ឈ្នះ ១លើក នឹងចាញ់ ២លើក ដោយរកបានគ្រាប់បាល់បញ្ចូលទីបាន ៦គ្រាប់ ខណៈដែលរបូតទៅវិញ ៨គ្រាប់៕
អត្ថបទ៖ មៃ ចាន់បុត្រ