ភ្នំពេញ៖ ការប្រកួតដ៏ធំនាខេត្តសៀមរាប Siem Reap Derby គឺជាឈ្មោះមួយតំណាងឲ្យការប្រកួតប៉ះគ្នារវាងក្រុម អង្គរថាយហ្គឺរ និង សូលទីឡូអង្គរ ដែលក្រុមទាំងពីរមានមូលដ្ឋាននៅក្នុងខេត្តសៀមរាបដូចគ្នា ខណៈនាវេលាម៉ោង ៣:៣០ នាទីរសៀលនេះ នាកីឡដ្ឋាន SRUក្រុមទាំងពីរត្រូវជួបគ្នាក្នុងក្របខ័ណ្ឌ Metfone Cambodian League សប្ដាហ៍ទី ២។
បើនិយាយអំពីរការប្រកួតប៉ះគ្នា រដូវកាលមុនឆ្នាំ ២០១៩ ក្រុមទាំងពីរបានប្រកួតប៉ះគ្នាចំនួន ២ លើកក្នុងពានរង្វាន់លីគកំពូលកម្ពុជា ដោយក្នុងនោះក្រុមអង្គរថាយហ្គឺរ ឈ្នះ១ និងចាញ់១ ពោលគឺ ជើងទី១ អង្គរថាយហ្គឺរ ឈ្នះ សូលទីឡូអង្គរ ដោយលទ្ធផល ៣ទល់១ ស្របពេលដែលជើងទី២ សូលទីឡូអង្គរ បានយកឈ្នះ អង្គរថាយហ្គឺរ វិញក្នុងលទ្ធផល ២ទល់១ ។
គួររំលឹកថា កាលពីសប្ដាហ៍ទី១ ក្រុមខ្លាទឹកក្រូចអង្គរថាយហ្គឺរ បានប្រកួតស្មើគ្នា ១ទល់១ ជាមួយក្រុមបឹងកេត ក្នុងកីឡដ្ឋាន SRU ខណៈក្រុម សូលទីឡូអង្គរ បានចាញ់ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ៥ទល់នឹង១ នៅកីឡដ្ឋានខេត្តស្វាយរៀង៕


