ភ្នំពេញ៖ ខ្សែការពារ ប៉ុក រ៉ូហ្សា បានលើកឡើងពីការមកចូលរួមធ្វើតេស្តសមត្ថភាពជាមួយ អាស៊ីអឺរ៉ុប យូណាធីត តាំងពីជុំដំបូង រហូតជាប់ជាកីឡាករអាជីព នាក្លិបបាល់ទាត់នៃក្របខណ្ឌកំពូលកម្ពុជា។
កីឡាករវ័យ ២០ឆ្នាំរូបនេះ បានរៀបរាប់ថា÷ និយាយរួមទៅ ខ្ញុំឃើញក្លិបអាស៊ីអឺរ៉ុប ប្រកាសជ្រើសរើសកីឡាករ ហើយខ្ញុំក៏បានដាក់ពាក្យធ្វើតេស្ត ចាប់តាំងពីជុំទី១ មករហូតដល់ជាប់ក្លាយជាកីឡាករអាជីព។ បើនិយាយពីប្រវត្តិលេងបាល់ ខ្ញុំទើបតែចេះលេងមកទល់ពេលនេះគឺ ៣ឆ្នាំ ហើយខ្ញុំលេងឲ្យក្រុមពាក់កណ្តាលអាជីពមួយចំនួនដែរ ខ្ញុំគិតថាបើជ្រុលជាចូលក្នុងវិស័យនេះហើយ ខ្ញុំនឹងចាប់អាជីពមួយនេះតែម្តង ឲ្យបានដូចក្តីស្រមៃបានលេងឲ្យក្រុមជម្រើសជាតិកម្ពុជា។
គួរបញ្ជាក់ផងដែរថា កីឡាករមានស្រុកកំណើតនៅភ្នំពេញរូបនេះ ធ្លាប់លេងឲ្យក្រុមពាក់កណ្ដាលអាជីព ៣ ពោលគឺ ទន្សោង អេហ្វស៊ី, រ៉ូលឌីង អេហ្វស៊ី នឹងក្រុមសម្ព័ន្ធ គ.ស.ន.ប.ក៕


