ភ្នំពេញ៖ គិតចាប់តាំងពីដើមខែធ្នូមកដល់ខែកុម្ភៈ ប្រលោមលោករឿង«សំណោកអនុស្សាវរីយ៍ »ដែលជាស្នាដៃបោះពុម្ភលើកទី៣របស់អ្នកនិពន្ធរតនាមានចរន្តនៅលើទីផ្សារអស់រយៈជាងមួយខែហើយ ជារឿយៗយើងតែងឃើញមានអ្នកអានមួយចំនួនបានសរសេរសារបង្ហោះពាក្យសរសើរដល់អ្នកនិពន្ធដែលបង្កើតស្នាដៃនេះមក។ ភាគច្រើនអ្នកអានតែងចាប់អារម្មណ៍នូវបែបផែនការសរសេររបស់អ្នកនិពន្ធ ដែលសៀវភៅរឿងមួយចំណងជើងនេះ មានជាលក្ខណៈឆ្លើយឆ្លងសំបុត្រយ៉ាងវែងអន្លាយរបស់ស្នេហាកំលោះក្រមុំមួយគូ ព្រមទាំងមានសំណេរកំណត់ហេតុរបស់តួសំខាន់ទាំងបួនផងដែរ ដែលសាច់រឿងប្រទាក់ចិត្តអ្នកអានឱ្យអានហើយមិនចង់ដាក់សៀវភៅចុះ។
យ៉ាងណាមិញសាច់រឿងមួយនេះ អ្នកនិពន្ធនៅតែមិនភ្លេចនូវការដាក់បញ្ចូលនូវអត្ថន័យអប់រំ និងស្មារតីរឹងមាំ ដែលជាការពញ្ញាក់ស្មារតីដល់អ្នកអានឱ្យចេះគិតពិចារណា មានបញ្ញាអាចដើរចេញពីភាពឈឺចាប់ ពិសេសអ្នកនិពន្ធមិនបោះបង់នូវការដាស់តឿនដល់អ្នកអានក្នុងការដើរទៅរកគោលដៅជីវិត។
ដូចក្នុងឆុតមួយនៃសាច់រឿង នាពេលដែលណារ័ត្ន(តួឯកស្រី) កំពុងតែឈឺចាប់យ៉ាងខ្លាំងដោយសារស្នេហា នាងបានជ្រើសដើរចេញពីភាពឈឺចាប់នោះដោយការខិតខំរៀន និងធ្វើការដើម្បីឆ្លងផុតពីភាពឈឺចាប់នោះ។
គួរកត់សំគាល់ផងដែរថា ស្នាដៃនីមួយៗរបស់អ្នកនិពន្ធរតនាតែងមានចំណុចសំខាន់ទាំងប្រាំនេះ ទី១ ភាពរឹងមាំ ទី២ ការតស៊ូ ទី៣ សេចក្តីដឹងគុណ ទី៤ ការគិតវិជ្ជមាន ទី៥ ស្នេហាពិត៕














